(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានទទូចដល់សហរដ្ឋអាមេរិកឱ្យដកទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសគុយបាជាបន្ទាន់ និងសង្ឃឹមថាសហរដ្ឋអាមេរិកនឹងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសនេះ ស្របតាមគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបទដ្ឋាននៃទំនាក់ទំនងអន្តរជាតិ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
លោក Zhao Lijian បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងការឆ្លើយតបទៅនឹងសំណួរអំពីស្ថានភាពបច្ចុប្បន្នរបស់ប្រទេសគុយបា។ លោកបាននិយាយថា «វាបម្រើផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ ក៏ដូចជាការរួមចំណែកដល់សន្តិភាពនិងស្ថិរភាពនៅអាមេរិកទាំងមូលផងដែរ»។
លោក Zhao បានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែជឿជាក់ថាសិទ្ធិរបស់ប្រទេសនីមួយៗក្នុងការជ្រើសរើសប្រព័ន្ធសង្គម និងមាគ៌ាអភិវឌ្ឍន៍របស់ខ្លួនគួរតែត្រូវបានគេគោរព។
គួរបញ្ជាក់ថា បើយោងតាមស្ថិតិពីភាគីគុយបាបានឲ្យដឹងថា ការធ្វើទណ្ឌកម្មរបស់អាមេរិកបានធ្វើឱ្យខ្លួនខាតបង់ច្រើនជាង ១៤៤.១ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលជិត ៦០ឆ្នាំចុងក្រោយនេះ៕