(តៃប៉ិ)៖ រដ្ឋាភិបាលកោះតៃវ៉ាន់នៅថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសអនុម័តឲ្យប្រើប្រាស់បន្ទាន់ និងអនុញ្ញាតការផលិតវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន មេឌីជែន (Medigen)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។
តាមពិតទៅបេក្ខភាពវ៉ាក់សាំងរបស់ក្រុមហ៊ុន Medigen គឺមិនទាន់បញ្ចប់ការធ្វើតេស្តនៅឡើយទេ ហើយសម្រាប់ទិន្នន័យអំពីប្រសិទ្ធភាព ក៏មិនទាន់មានជាផ្លូវការនោះដែរ។ ទោះជាយ៉ាងណា ក្រសួងសុខាភិបាលកោះតៃវ៉ាន់បានអះអាងថា កម្រិតនៃប្រព័ន្ធភាពសុំា ដែលត្រូវបានបង្កើតដោយវ៉ាក់សាំង Medigen គឺមិនអន់ជាង វ៉ាក់សាំង AstraZeneca នោះឡើយ។
គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន Medigen ធ្លាប់បានលើកឡើងថា ខ្លួនកំពុងជំរុញល្បឿននៃការស្នើសុំឲ្យបេក្ខភាពវ៉ាក់សាំងនេះ ត្រូវអាជ្ញាធរកោះតៃវ៉ាន់ អនុម័តឲ្យប្រើក្នុងករណីបន្ទាន់ បន្ទាប់ពីបានឆ្លងកាត់ការធ្វើតេស្តដំណាក់កាលទី ២ ប្រកបដោយសុវត្ថិភាព។ ការអភិវឌ្ឍវ៉ាក់សាំងនៅក្នុងស្រុកដោយផ្ទាល់ដៃនេះ គឺជាគោលដៅចម្បង ដែលកោះតៃវ៉ាន់ធ្លាប់បានបង្ហើបរួចមកហើយ។ ទោះជាយ៉ាងណា បច្ចុប្បន្នតៃវ៉ាន់នៅត្រូវការ ការនាំចូលវ៉ាក់សាំងពីបរទេសដូចជា វ៉ាក់សាំង Moderna, AstraZeneca និងវ៉ាក់សាំងរបស់កម្មវិធី COVAX ជាដើម។
គិតត្រឹមថ្ងៃចន្ទនេះ កោះតៃវ៉ាន់មានករណីឆ្លង COVID-19 សរុប ១៥,៤២៩ករណី ក្នុងនោះស្លាប់ ៧៦៩នាក់ និងជាសះស្បើយវិញ ១៣,៥៧០នាក់។ កោះតៃវ៉ាន់អាចគ្រប់គ្រងស្ថានការណ៍ COVID-19 បានមកវិញ ក្រោយពីការផ្ទុះករណីឆ្លងដ៏ខ្លាំងក្លាលើកដំបូង កាលពីអំឡុងខែមិថុនាកន្លងទៅនេះ៕