(អេហ្ស៊ីប)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ប្រទេសចិនស្នើឡើងផ្លូវចំនួន០៣ ដើម្បីអនុវត្ត «ដំណោះស្រាយរដ្ឋពីរ» ដែលជាមធ្យោបាយប្រាកដប្រជាតែមួយគត់ ក្នុងការដោះស្រាយបញ្ហារវាងប៉ាឡេស្ទីននិងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
លោក Wang បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក នៅទីក្រុងមួយនៅភាគខាងជើងប្រទេសអេហ្ស៊ីប កំលុងពេលដែលលោកបានជួបពិភាក្សា ជាមួយរដ្ឋមន្រ្តីការបរទេសអេហ្ស៊ីប លោក សាម៉េស ស៊ូគ្រី (Sameh Shoukry) និងអគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោក អាម៉េដ អាបូល ហ្គេត (Ahmed Aboul-Gheit)។
លោក Wang បានគូសបញ្ជាក់ថា «ដំណោះស្រាយរដ្ឋពីរ» គឺជាមធ្យោបាយប្រាកដនិយមតែមួយគត់ ក្នុងការដោះស្រាយបញ្ហាប៉ាឡេស្ទីន។ លោកក៏បានគូបញ្ជាក់បន្ថែមថា គ្រប់ភាគីទាំងអស់ដែលជាប់ពាក់ព័ន្ធក្នុងបញ្ហាប៉ាឡេស្ទីន ក៏ដូចជាសហគមន៍អន្តរជាតិ គួរតែខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ «ដំណោះស្រាយរដ្ឋពីរ» ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរបស់អង្គការសហប្រជាជាតិ (UN)។ ដូច្នេះភាគីចិនបានដាក់ផ្លូវចំនួន០៣ ដូចខាងក្រោម៖
ទីមួយ គឺបង្កើនសិទ្ធិអំណាចរបស់អាជ្ញាធរប៉ាឡេស្ទីន ដោយផ្តល់ឱ្យពួកគេនូវអំណាច ក្នុងការអនុវត្តមុខងារអធិបតេយ្យភាពជាតិ នៅក្នុងវិស័យសន្តិសុខ វិស័យហិរញ្ញវត្ថុ និងវិស័យផ្សេងទៀតដើម្បីសម្រេចបាន នូវការរៀបចំចាត់ចែង និងគ្រប់គ្រងដោយប្រសិទ្ធភាព នៃដែនដីប៉ាឡេស្ទីន។
ទីពីរ គឺគាំទ្រដល់ក្រុមទាំងអស់របស់ប៉ាឡេស្ទីន ដើម្បីពង្រឹងសាមគ្គីភាព សម្រេចការផ្សះផ្សាផ្ទៃក្នុងតាមរយៈការពិគ្រោះយោបល់ និងការពិភាក្សា និងបង្កើតជំហរឯកភាពគ្នា ដើម្បីចរចារកដំណោះស្រាយលើបញ្ហាប៉ាឡេស្ទីន។
ទីបី គឺប៉ាឡេស្ទីន និងអ៊ីស្រាអែលគួរតែត្រូវបានលើកទឹកចិត្ត ឱ្យបន្តកិច្ចពិភាក្សាសន្តិភាព ដោយឈរលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋពីរ។ ប្រទេសចិនស្វាគមន៍អ្នកតំណាងនៃភាគីទាំងពីរ ឱ្យមកចរចាដោយផ្ទាល់នៅក្នុងប្រទេសចិន និងអំពាវនាវឱ្យមានសន្និសិទសន្តិភាពពិភពលោក ដឹកនាំដោយ UN ដែលមានការចូលរួមពីសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ និងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុង ដំណើរការសន្តិភាពមជ្ឈឹមបូព៌ា ដើម្បីស្វែងរកដំណោះស្រាយដែលមានលក្ខណៈទូលំទូលាយ និងយូរអង្វែង និងសម្រេចបាន ការរួមរស់ដោយសន្តិភាពរបស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល។
ជុំវិញបញ្ហានេះ លោក Shoukry និង Aboul-Gheit បាននិយាយថា ពួកគេយល់ស្របនឹងគំនិតដែលពាក់ព័ន្ធ ដែលភាគីចិនបានដាក់ចេញ និងត្រៀមខ្លួនជាស្រេចក្នុងការប្រាស្រ័យទាក់ទង និងសម្របសម្រួលជាមួយប្រទេសចិន ហើយសង្ឃឹមថាសហគមន៍អន្តរជាតិ នឹងជម្រុញឱ្យអ៊ីស្រាអែលបញ្ឈប់ការតាំងទីលំនៅ នៅក្នុងទឹកដីប៉ាឡេស្ទីនដែលកំពុងស្ថិតក្រោមការត្រួតត្រា និងបើកផ្លូវឆ្លងកាត់ទៅកាន់តំបន់ហ្គាហ្សា ស្ទ្រីប (Gaza Strip) ឡើងវិញ៕