(ឡូសអាន់ជែលែស)៖ នៅក្រោមអាកាសធាតុដ៏ក្តៅហើយស្ងួត នៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិក និងកាណាដា កាលពីថ្ងៃអាទិត្យកន្លងទៅ ភ្លើងឆេះព្រៃធំសម្បើមនៅរដ្ឋអូរេហ្គន (Oregon) របស់អាមេរិក បានរីកខ្លួនឡើងសាជាថ្មី ក្រោយការខិតខំគ្រប់គ្រងរបស់ ក្រុមទីភ្នាក់ងារពន្លត់អគ្គីភ័យ ជាហេតុបង្ខំឲ្យអាជ្ញាធរចេញបញ្ជាជម្លៀសខ្លួនមនុស្សបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
ភ្លើងឆេះព្រៃ ប៊ូតឡេគ (Bootleg) ដែលធំជាងគេ ក្នុងចំណោមភ្លើងឆេះព្រៃធំៗប្រមាណជា៨០កន្លែង ដែលកំពុងកើតមាននៅសហរដ្ឋអាមេរិក បានរីករាលដាលពីទំហំ១១០,៩០០ហិកតា កើនដល់១១៧,៣៦០ហិកតា កាលពីក្នុងថ្ងៃអាទិត្យ។ បើតាមអាជ្ញាធអាមេរិក កន្លងមកមនុស្សខ្ទង់ ២,០០០នាក់ ត្រូវបានជម្លៀសខ្លួន ប៉ុន្តែឥឡូវជាច្រើននាក់ទៀត ក៏ត្រូវជម្លៀសខ្លួនដូចគ្នាដែរ។ មកទល់នេះ ភ្លើងឆេះព្រៃ Bootleg ទើបត្រូវគ្រប់គ្រងបានជាង ២០ភាគរយប៉ុណ្ណោះ។
គួរបញ្ជាក់ថា ភ្នាក់ងារពន្លត់អគ្គីភ័យ និងក្រុមការងារគាំទ្រសរុបគ្នាជិត ២០,០០០នាក់ កំពុងតែប្រយុទ្ធតទល់ជាមួយភ្លើងឆេះព្រៃ ដែលកំពុងរាតត្បាត នៅពាសពេញបណ្តារដ្ឋភាគខាងលិចរបស់សហរដ្ឋអាមេរិក ដោយផ្ទៃដីជាង១លានហិកតាហើយ ត្រូវបានឆាបឆេះក្នុងឆ្នាំនេះ។ រីឯនៅកាណាដា អាជ្ញាធរក៏កំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃចាស់ និងថ្មីជាច្រើនកន្លែងមិនចាញ់អាមេរិកផងដែរ នៅខេត្តប៊្រីតធីស (British Columbia) និងខេត្តអូនតារីអូ (Ontario) ដែលស្ថិតនៅភាគខាងលិចប្រទេស៕