(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងបានប្រកាស អំពីការផ្ទុះករណីឆ្លង COVID-19 ជាចង្កោមដ៏ធំមិនធ្លាប់មាន នៅក្នុងនាវាចម្បាំងរបស់ខ្លួន ដែលកំពុងស្ថិតនៅក្នុងឈូងសមុទ្រ អេឌិន (Gulf of Aden)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន អេភី (AP) នារសៀលថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
នាវាចម្បាំង ម៉ាន់មូ ដ៏អស្ចារ្យ (Munmu The Great) របស់ប្រទេសកូរ៉េខាងត្បូង បានចាកចេញទៅបំពេញភារកិច្ចនៅតំបន់ខាងលើនេះ កាលពីអំលុងខែកុម្ភៈ ឆ្នាំ២០២១ ខណៈបច្ចុប្បន្ននាវិករហូតដល់ទៅ ២៤៧នាក់ ឬស្មើនឹងជាង ៨០% នៃចំនួននាវឹកសរុបនៅលើនាវាចម្បាំងនេះ បានធ្វើតេស្ត «វិជ្ជមាន» COVID-19។ ស្របពេលជាមួយនេះដែរ ប្រទេសកូរ៉េខាងត្បូងទើបតែបានប្រកាសរកឃើញ អ្នកឆ្លងប្រចាំថ្ងៃសរុប ១,២៥២នាក់ទៀត នៅក្នុងរយៈពេលពេញ មួយថ្ងៃអាទិត្យម្សិលមិញ។
មេបញ្ជាការយោធាជើងទឹកកូរ៉េខាងត្បូង បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទនេះថា កាលពីថ្ងៃទី១៥ ខែកក្កដា ដែលជាពេលមានការរាយការណ៍ដំបូង អំពីការផ្ទុះករណីឆ្លង COVID-19 លើនាវា Munmu នាវិកចំនួនតែ ៥០នាក់ប៉ុណ្ណោះត្រូវបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ក្នុងចំណោមនាវិកសរុប ៣០១នាក់។ បច្ចុប្បន្នកូរ៉េខាងត្បូង កំពុងត្រៀមយន្តហោះពិសេស ដើម្បីទៅដឹកជញ្ជូនពួកគេមកព្យាបាល នៅក្នុងប្រទេសនេះវិញ។
គួរបញ្ជាក់ថា ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពី ចំនួនករណីឆ្លងជំងឺ COVID-19 លើស ១,០០០នាក់ជារៀងរាល់ថ្ងៃ ដែលបាននិងកំពុងបង្កក្តីបារម្ភជាខ្លាំង ខណៈវិធានការរឹតត្បិតមួយចំនួន ត្រូវបានដាក់ឲ្យអនុវត្តឡើងវិញ។ គិតត្រឹមថ្ងៃចន្ទនេះ កូរ៉េខាងត្បូងមានករណីឆ្លង COVID-19 សរុប ១៧៧,៩៥១ករណី ក្នុងនោះស្លាប់ ១,៤៥១នាក់ និងជាសះស្បើយវិញជិត ១៥៩,០០០នាក់៕