(រ៉ង់ហ្គូន)៖ ក្រុមអ្នកស្ម័គ្រចិត្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា បាននិងកំពុងបំពេញប្រតិបត្តិការរបស់ពួកគេ ដោយចល័តពីផ្ទះមួយទៅផ្ទះមួយ ដើម្បីប្រមូលយកសពអ្នកស្លាប់ដោយសារ COVID-19 ខណៈករណីឆ្លងមានការកើនឡើង យ៉ាងឆាប់រហ័សនៅទូទាំងប្រទេសតែម្តង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន AFP ស្រី្តម្នាក់ឈ្មោះ ថាន់ ថាន់ សូ (Than Than Soe) ដែលជាសមាជិកក្រុមអ្នកប្រមូលសាកសពបានឱ្យដឹងថា ជារៀងរាល់ព្រឹក នាងតែងតែទទួលទូរស័ព្ទស្នើសុំជំនួយពីគ្រួសារ ជនរងគ្រោះដែលស្លាប់ដោយសារ COVID-19 នៅក្នុងរដ្ឋធានីរ៉ង់ហ្គូន។ នាង Than Than Soe បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបំពេញការងារដោយគ្មានពេលសម្រាក... ជារៀងរាល់ថ្ងៃ ក្រុមការងាររបស់ខ្ញុំប្រមូលសាកសពមនុស្សចន្លោះពី ៣០-៤០នាក់ ហើយខ្ញុំគិតថា ក្រុមគេដទៃក៏ប្រហែលជាដូចក្រុមរបស់ខ្ញុំដែរ ព្រោះថាពេលខ្លះក្នុងផ្ទះតែមួយមានអ្នកស្លាប់ ០២នាក់ក៏មានដែរ»។
គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometers មីយាន់ម៉ាដែលកំពុងប្រឈមមុខនឹងវិបត្តិនយោបាយ និងអំពើហិង្សា បានរាយការណ៍ពីករណីឆ្លង COVID-19 សរុបចំនួន ២២៩,៥២១នាក់ ក្នុងនោះស្លាប់ ៥,០០០នាក់ និងជាសះស្បើយឡើងវិញ ១៦១,៨៥៩នាក់។ ដោយឡែកការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ មីយ៉ាន់ម៉ាទើបសម្រេចបាន ៣.៥លានដូសប៉ុណ្ណោះ ក្នុងនោះប្រជាជន ១.៥៣លាននាក់ (២.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស។
ចំពោះការកើនឡើងវិញយ៉ាងឆាប់រហ័ស នៃករណីឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 នៅមីយ៉ាន់ម៉ាត្រូវបានគេមើលឃើញថា បណ្តាលមកពីការធ្វើពិហកា មិនចូលរួមក្នុងការបំពេញកិច្ចការងារ ពីសំណាក់ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ាមួយចំនួន។ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មីយ៉ាន់ម៉ាបានរាយការណ៍ពីការរកឃើញ អ្នកឆ្លងជំងឺ COVID-19 ក្នុងមួយថ្ងៃជាង ៥,៥០០នាក់ ប៉ុន្តែអ្នកជំនាញបានអះអាងថា ចំនួនជាក់ស្តែងអាចមានច្រើនជាងនេះ ប្រសិនបើការធ្វើតេស្តត្រូវបានធ្វើឡើងគ្រប់ជ្រុងជ្រោយ៕