(ស៊ីដនី)៖ ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃបានធ្លាក់ចុះបន្តិចនៅថ្ងៃចន្ទនេះ នៅក្នុងទីក្រុងធំៗចំនួន ០២ របស់អូស្ត្រាលី នោះគឺទីក្រុង ស៊ីដនី (Sydney) និងទីក្រុង មែលប៊ន (Melbourne) ដែលកំពុងស្ថិតនៅក្រោមវិធានការបិទខ្ទប់ ប្រឆាំងការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋ ញូ សោត វែលស៍ (New South Wales) បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៩៨នាក់ ក្នុងនោះភាគច្រើននៅក្នុងទីក្រុងស៊ីដនី ធៀបទៅនឹងកាលពីថ្ងៃអាទិត្យ ម្សិលមិញដែលមានអ្នកឆ្លង ១០៥នាក់។ ដោយឡែកអាជ្ញាធរសុខាភិបាលក្នុងរដ្ឋ វិចតូរៀ (Victoria) ក៏បានរាយការណ៍ផងដែរពីករណីឆ្លងចំនួន ១៣ករណី ក្នុងនោះរួមមានទាំងនៅទីក្រុង Melbourne ធៀបទៅនឹង ១៦ករណីកាលពីថ្ងៃអាទិត្យម្សិលមិញដូចគ្នា។
គួរបញ្ជាក់ថា នេះជាការបិទខ្ទប់ទីក្រុងស៊ីដនីជាលើកទី ២ ដោយលើកទី ១ ត្រូវបានអនុវត្តកាលពីថ្ងៃទី២៦ ខែមិថុនា ហើយការបិទខ្ទប់លើកទី ២ គ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដានេះ។ ការបិទខ្ទប់នេះ បានធ្វើឱ្យចំនួនអ្នកឆ្លងប្រចាំថយចុះ និងជួយឱ្យអាជ្ញាធរអូស្ត្រាលី អាចរក្សាកម្រិតឆ្លងឱ្យនៅទាបវិញ។ អូស្ត្រាលីមកទល់នឹងពេលនេះមានអ្នកឆ្លង COVID-19 ច្រើនជាង ៣១,៩០០នាក់ ក្នុងនោះស្លាប់ ៩១៤នាក់ និងជាសះស្បើយវិញជិត ៣០,០០០នាក់ ខណៈមនុស្សជាង ៧៥,៨០០នាក់ហើយត្រូវបានធ្វើតេស្ត៕