(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៩,៥១៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៩៦៣,៩០៧លានករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៤,៧៤៦នាក់ និងជាសះស្បើយឡើងសរុប ២៩.៣៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលមានប្រជាជនរស់នៅច្រើនជាងគេ ប្រចាំនៅសហរដ្ឋអាមេរិក ការពាក់ម៉ាសគឺត្រូវបានណែនាំឲ្យបន្តអនុវត្ត ព្រោះតែករណីឆ្លងជំងឺ COVID-19 បាននិងកំពុងកើនឡើងវិញ ខណៈអ្នកមិនទាន់ចាក់វ៉ាក់សាំង នៅតែមានចំនួនច្រើននៅឡើយ។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុនក៏បានអំពាវនាវជាថ្មី ឲ្យអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំង ប្រញាប់រួសរាន់ទៅទទួលការចាក់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៧លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៥.៧៦លាននាក់ (៥៦.៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦០.៩៩លាននាក់ (៤៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕