(បាងកក)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃ ទើបតែបានរាយការណ៍ពីចំនួនអ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ១១,៧៨៤នាក់ ដែលត្រូវបានរកឃើញក្នុងកំលុងពេល ២៤ម៉ោងមុន ខណៈអ្នកជំងឺ ៨១នាក់ទៀតបានបាត់បងជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០២១។
តួលេខខាងលើនេះ គឺជាអត្រាឆ្លង COVID-19 ប្រចាំថ្ងៃខ្ពស់បំផុតថ្មីមួយទៀត និងជាការហក់ឡើងក្នុងរយៈពេល ០៦ថ្ងៃជាប់ៗគ្នាមកហើយ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤១៥,១៧៩នាក់ ក្នុងនោះអ្នកស្លាប់សរុបមាន ៣,៤២២នាក់ និងជាសះស្បើយវិញជិត ២៩០,០០០នាក់។
គួរបញ្ជាក់ថា ខេត្តមួយចំនួននៃប្រទេសថៃ ក្រៅពីទីក្រុងបាងកកដូចជា ឈុនបុរី អយុធ្យា និងឆាឆឹងសៅជាដើម ការរឹតត្បិតភាគច្រើនកំពុងត្រូវបានអនុវត្ត ក្នុងនោះមានដូចជា ការបិទផ្សារទំនើបចាប់ពីម៉ោង ៩៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីទាបភ្លឺជាដើម។ ដោយឡែកការហាមប្រាមជួបជុំគ្នា ត្រូវបានដាក់ឲ្យអនុវត្តនៅទូទាំងប្រទេស ហើយអ្នកដែលល្មើសនឹងបម្រាមនេះ នឹងត្រូវពិន័យជាប្រាក់ ៤០,០០០បាត ឬស្មើនឹងជាង ១,២០០ដុល្លារសហរដ្ឋអាមេរិក៕