(បាងកក)៖ រដ្ឋាភិបាលថៃ នៅថ្ងៃអាទិត្យនេះបានប្រកាសដាក់បញ្ចូលខេត្តចំនួន៣ បន្ថែមទៀត ឱ្យនៅក្រោមការអនុវត្តវិធានការបិទខ្ទប់ ក្នុងនោះរួមទាំងការរឹតត្បិតការធ្វើដំណើរ, បិទផ្សារទំនើប និងបម្រាមគោចរ បន្ទាប់ពីបានរាយការណ៍ពីការកើនឡើងនៃករណីឆ្លងប្រចាំថ្ងៃយ៉ាងគំហុកក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។
បើតាមការសម្រេចចិត្តរបស់រដ្ឋាភិបាលថៃ ផ្សារទំនើបនានានឹងត្រូវបិទទ្វារបណ្ដោះអាសន្ន ហើយបម្រាមគោចរនឹងត្រូវអនុវត្តចាប់ពីថ្ងៃអង្គារសប្ដាហ៍ក្រោយតទៅ ចាប់ពីម៉ោង ៩៖០០នាទីយប់ រហូតដល់ម៉ោង ៤៖០០នាទីព្រឹកទៀបភ្លឺ នៅក្នុងខេត្ត Chonburi, Ayutthaya និងខេត្ត Chachoengsao។ បច្ចុប្បន្ន ទីក្រុងបាងកក និងខេត្តចំនួន៩ផ្សេងទៀត នៅក្នុងប្រទេសថៃក៏ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមវិធានការបិទខ្ទប់ផងដែរចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍មុនមក។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលថៃបានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃដល់ទៅ ១១,៣៩៧នាក់ ដែលជាចំនួន អ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន និងអ្នកស្លាប់ថ្មី ១០១នាក់។ បូកបញ្ចូលតួលេខថ្មីទាំងនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤០៣,៣៨៦នាក់ ក្នុងនោះស្លាប់ ៣,៣៤១នាក់ ខណៈករណីឆ្លងក្នុងរលកទី៣នេះបង្កឡើងដោយវីរុសបម្លែងថ្មី Alpha និង Delta៕