(ម៉ានីល)៖ សមាជិកព្រឹទ្ធសភាហ្វីលីពីន និងជាស្ដេចប្រដាល់អាស៊ី លោក Emmanuel «Manny» Pacquiao ត្រូវបានគេបោះឆ្នោតទម្លាក់ចេញពីតំណែងជា មេដឹកនាំគណបក្សកាន់អំណាចហើយ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពីទាស់សម្ដីជាមួយលោកប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូតើតេ។ នេះបើតាមការដកស្រង់ចេញ ផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១។
ការបោះឆ្នោតខាងលើត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រីថាមពលហ្វីលីពីន លោក Alfonso Cusi ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទរបស់លោក ឌូតើតេ ហើយនៅក្នុង
ការបោះឆ្នោតកំឡុងកិច្ចប្រជុំមួយរបស់សភាជាតិនេះដែរ លោក Alfonso Cusi ផ្ទាល់ត្រូវបានតែងតាំងជាមេដឹកនាំថ្មីនៃគណបក្សប្រជាធិបតេយ្យ (democratic party) ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅហ្វីលីពីន។
លោក Pacquiao ដែលបានជាប់ឆ្នោតជាប្រធានគណបក្សកាន់អំណាចហ្វីលីពីនកាលពីខែធ្នូ ឆ្នាំ២០២០ មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹង ការសម្រេចចិត្តដករូបលោកពីតំណែងនោះទេ ដោយគ្រាន់តែលោកសង្កត់ធ្ងន់នៅក្នុងសេចក្ដីថ្លែងការណ៍ថាគណបក្សគួរតែផ្ដោតសំខាន់លើការបង្ការ និងទប់ស្កាត់ការឆ្លងរាតត្បាតនៃវីរុស COVID-19 បម្លែងថ្មី Delta ទើបជារឿងត្រូវធ្វើនៅពេលនេះ។
គួរបញ្ជាក់ថា លោក Pacquiao មានអាយុ ៤២ឆ្នាំ ធ្លាប់ជាអ្នកគាំទ្រម្នាក់របស់លោក ឌូតើតេ ហើយលោកឌូតើតេផ្ទាល់ក៏ធ្លាប់បានបង្ហើបដែរថាលោកគាំទ្រឱ្យ សេ្ដចប្រដាល់អាស៊ីរូបនេះឡើងធ្វើជាប្រធានាធិបតីហ្វីលីពីនទៀតផង។ ក៏ប៉ុន្តែ មួយរយៈពេលចុងក្រោយនេះ ទំនាក់ទំនងរវាងអ្នកទាំង២កាន់តែល្អក់កករនឹងគ្នា រឹតតែខ្លាំង ជាពិសេសក្រោយលោក Pacquiao ចាប់ផ្ដើមរិះគន់ពីជំហរទន់ភ្លន់ចំពោះចិនរបស់លោក ឌូតើតេ និងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាល៕