(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៣៩៧ករណីបន្ថែម ដែលជាចំនួនករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានពីមុនមក ខណៈអ្នកជំងឺចំនួន ១០១នាក់ទៀតក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១១,០៧៩ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ៣១៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ជុំវិញបញ្ហានេះ វិធានការរឹតត្បិតរួមទាំងបំរាមគោចរ ត្រូវបានដាក់នៅទីក្រុងបាងកក និងខេត្តជាប់គ្នាចំនួន ០៥ ក្នុងរយៈពេលពីរសប្តាហ៍ គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈរដ្ឋាភិបាលបានព្យាយាមទប់ស្កាត់ ការកើនឡើងនៃចំនួនករណីឆ្លងថ្មីៗ ដែលកំពុងតែកើនឡើងយ៉ាងគំហុកនេះ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៤០៣,៣៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៣៤១នាក់ និងអ្នកជាសះស្បើយ ២៨៣,៩១០នាក់។ សម្រាប់ការចាក់វ៉ាក់សាំងបង្ការ COVID-19 វិញ គិតត្រឹមសប្តាហ៍នេះ ថៃសម្រេចបាន ១៣.៥លានដូស ដោយក្នុងនោះប្រជាជន ៣.៣៧លាននាក់ (៤.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕