(ឡុងដ៍)៖ រដ្ឋមន្រ្តីសុខាភិបាលចក្រភពអង់គ្លេស លោក សាជីដ ចាវីដ (Sajid Javid) នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា រូបលោកបានធ្វើតេស្ត វិជ្ជមានចំពោះជំងឺ COVID-19 ប៉ុន្តែលោកមានរោគសញ្ញាកម្រិតស្រាលប៉ុណ្ណោះ ហើយក៏បានទទួលការចាក់វ៉ាក់សាំងគ្រប់២ដូសផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
លោក ចាវីដ បានប្រកាសនៅលើបណ្តាញសង្គម Twitter ដូច្នេះថា «កាលពីព្រឹកនេះ ខ្ញុំបានធ្វើតេស្តឃើញវិជ្ជមានចំពោះ COVID-19 តាមរយៈការធ្វើតេស្តរហ័ស និងកំពុងរង់ចាំលទ្ធផលបញ្ជាក់ ពីការធ្វើតេស្តបែប PCR ដែលត្រូវឆ្លងកាត់មន្ទីរពិសោធន៍មួយតង់ទៀត ប៉ុន្តែសំណាងល្អ ខ្ញុំបានចាក់វ៉ាក់សាំងគ្រប់ដូស ហើយរោគសញ្ញាគឺកម្រិតស្រាលប៉ុណ្ណោះ»។
បច្ចុប្បន្ន ចក្រភពអង់គ្លេស ក៏កំពុងប្រឈមនឹងរលកឆ្លងរាលដាលថ្មីផងដែរ នៃ COVID-19 ប៉ុន្តែនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) និងលោក ចាវីដ ដែលទើបឡើងកាន់តំណែងកាលពី៣សប្តាហ៍មុន បាននិយាយថា ការចាក់វ៉ាក់សាំងហាក់បានបំបែកទំនាក់ទំនង រវាងការឆ្លងនិងការស្លាប់ដោយសារជំងឺនេះហើយ ភាគច្រើន។
គួរបញ្ជាក់ថា ចក្រភពអង់គ្លេស ចាក់វ៉ាក់សាំងគ្រប់ដូសបាន២ភាគរយ៣ នៃប្រជាជនពេញវ័យរបស់ខ្លួន ប៉ុន្តែមិនទាន់ចាក់វ៉ាក់សាំងក្មេងៗ នៅឡើយទេ។ ក្រុមអ្នកវិទ្យាសាស្រ្តមួយចំនួន ធ្លាប់បានព្រមានថា ផែនការបើកសេដ្ឋកិច្ចនិងលុបវិធានការរឹតត្បិត COVID-19 ទាំងស្រុងចោលវិញ របស់រដ្ឋាភិបាល គឺជារឿងគ្រោះថ្នាក់ ដោយសម្អាងលើចំនួនប្រជាជន ដែលមិនបានចាក់វ៉ាក់សាំង ហើយនិងភាពជាក់ស្តែងដែលថា វ៉ាក់សាំង មិនអាចការពារបាន១០០ភាគរយ ពីការឆ្លង៕