(បាងកក)៖ ប្រទេសថៃ បានដាក់បំរាមទូទាំងប្រទេសទៅលើការប្រមូលផ្តុំជាសាធារណៈ ហើយកំពុងតែពិចារណាដាក់ការរឹតបន្តឹងបន្ថែមទៀត ទៅលើការធ្វើដំណើរ ខណៈអាជ្ញាធរបានរាយការណ៍ពីការរកឃើញករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ខ្ពស់បំផុតមិនធ្លាប់មានពីមុនមក នៅថ្ងៃសៅរ៍នេះ ទោះបីជាមានការបិទខ្ទប់ផ្នែកខ្លះនៅទីក្រុងបាងកក និងខេត្តចំនួន០៩ ផ្សេងទៀតនៅសប្តាហ៍នេះក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
ការហាមឃាត់ការប្រមូលផ្តុំជាសាធារណៈ ត្រូវបានដាក់ចេញ ជាមួយការពិន័យកម្រិតធ្ងន់ គឺអាចជាប់ពន្ធនាគាររហូតដល់រយៈពេល០២ឆ្នាំ ឬមួយកម្រិតពិន័យជាទឹកប្រាក់រហូតដល់ ៤០,០០០បាត (១,២១៩.៨៨ដុល្លារអាមេរិក) ឬក៏អាចត្រូវជាប់ពន្ធនាគារផង និងរងពិន័យជាប្រាក់ ផង។
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា (Prayut Chan-o-cha) បាននិយាយនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃសុក្រម្សិលមិញថា រដ្ឋាភិបាលកំពុងពិចារណាលើការរឹតបន្តឹងបន្ថែមទៀត ខណៈប្រទេសថៃកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនូវវីរុស COVID-19 បម្លែងខ្លួនថ្មី Delta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសឥណ្ឌា) និង Alpha (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីចក្រភពអង់គ្លេស) ចាប់តាំងពីដើមខែមេសាមក។
លោក Prayuth បាននិយាយបន្ថែមថា «វាចាំបាច់ណាស់ត្រូវតែពង្រីកវិធានការរឹតត្បឹតបន្ថែម ដើម្បីដាក់កម្រិតលើការធ្វើដំណើររបស់ប្រជាជនឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន និងបិទទីកន្លែងជាច្រើនទៀត ដោយបន្សល់ទុកតែទីកន្លែងណាដែលចាំបាច់ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា តំបន់ដែលត្រូវបានគេចាត់ទុកថា មានហានិភ័យខ្ពស់នៅក្នុងប្រទេសថៃ បានស្ថិតនៅក្រោមការរឹតត្បិតយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក ដោយមានការហាមឃាត់លើការធ្វើដំណើរ និងការប្រមូលផ្តុំ ការបិទផ្សារ និងអាជីវកម្មមួយចំនួន ព្រមទាំងបម្រាមគោចរចាប់ពីម៉ោង ០៩៖០០នាទីយប់ដល់ម៉ោង ០៤៖០០នាទីទាបភ្លឺ៕