(បូហ្គោតា)៖ មេបញ្ជាការប៉ូលិសនៃប្រទេសកូឡុំប៊ី បានអះអាងថា អតីតមន្រ្តីម្នាក់នៅក្រសួងយុត្តិធម៌ហៃទី គឺជាអ្នកដែលបានបញ្ជាឲ្យ មានការធ្វើឃាតប្រធានាធិបតីហៃទី លោក ចូណេវែល ម៉ូអ៉ីស (Jovenel Moise) កាលពីពេលកន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
លោក ចច ល្វីស វ៉ាហ្គាស (Jorge Luis Vargas) មេបញ្ជាការប៉ូលិសនៃប្រទេសកូឡុំប៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រសប្តាហ៍នេះថា៖ «បុគ្គលឈ្មោះ ចូសេព ហ្វីលីស បេឌីអូ (Joseph Feliz Badio) ដែលធ្លាប់មានតួនាទីជា មន្រ្តីនៅក្នុងក្រសួងយុត្តិធម៌ហៃទី បានបញ្ជាបុគ្គលឈ្មោះ ឌូបឺនី ខាផេឌ័រ (Duberney Capador) ដែលជាអតីតមន្រ្តីយោធាកូឡុំប៊ី និងបុគ្គលម្នាក់ ទៀតឈ្មោះ ចឺមែន រីវេរ៉ា (German Rivera) ដែលជាអតីតភ្នាក់ងាររបស់យោធាកូឡុំប៊ីថា អ្វីដែលពួកគេត្រូវធ្វើគឺសម្លាប់លោក ម៉ូអ៉ីស»។
បើតាមលោក វ៉ាហ្គាស លោក បេឌីអូ បានផ្តល់ដំណឹងដល់លោក ខាផេឌ័រ និងលោក រីវេរ៉ា ប្រមាណ៣ថ្ងៃ មុនប្រតិបត្តិការធ្វើឃាតនោះ ហើយបញ្ជាគឺត្រូវសម្លាប់លោក ម៉ូអីស តែម្តង មិនមែនចាប់ខ្លួនឡើយ។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីកូឡុំប៊ី លោក អាយវ៉ាន់ ឌូគ្យូ (Ivan Duque) បាននិយាយថា អតីតសមាជិកយោធាកូឡុំប៊ីទាំងអស់ ដែលមានជាប់ព័ន្ធក្នុងការធ្វើឃាតប្រធានាធិបតីហៃទី នឹងត្រូវតែទទួលការកាត់ទោស ក្រោមប្រព័ន្ធយុត្តិធម៌របស់ប្រទេសហៃទី ហើយរដ្ឋបាល លោក បាននិងកំពុងផ្តល់ការសហការ ជាមួយអាជ្ញាធរហៃទី។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរហៃទី មនុស្សសរុបជិត៣០នាក់ មានជាប់ព័ន្ធនឹងសកម្មភាពធ្វើឃាតកម្មលោក ចូណេវែល ម៉ូអ៉ីស ដែលភាគច្រើន ជាជនជាតិកូឡុំប៊ី ដោយមួយចំនួនត្រូវចាប់ខ្លួនបាន និងមួយចំនួនទៀត ត្រូវបានបាញ់សម្លាប់។ លោក ម៉ូអ៉ីស ត្រូវបានគេធ្វើឃាតនៅក្នុង គេហដ្ឋានឯកជនរបស់លោក នៅឯជាយរដ្ឋធានីព័រអូប្រ៉ាំង នៃប្រទេសហៃទី៕