(អឺរ៉ុប)៖ ចំនួនមនុស្សស្លាប់ដោយសារតែគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍មកនេះនៅទ្វីបអឺរ៉ុប បានបង្កឲ្យមនុស្ស ១២៦នាក់បាត់បង់ជីវិតនៅប្រទេសអាល្លឺម៉ង់ និងប៊ែលហ្សិក ដោយក្នុងនោះអាល្លឺម៉ង់ បាននិងកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមល្ងាចថ្ងៃសុក្រម្សិលមិញ ចំនួនមនុស្សស្លាប់នៅអាល្លឺម៉ង់តែឯង មានចំនួនរហូតដល់ទៅ ១០០នាក់ឯណោះ ដោយសារតែពួកគេត្រូវបានទឹកជំនន់ និងគ្រោះរអិលបាក់ដីនាំយកទៅជាមួយនៅតំបន់ ណតស៍ រ៉ាញ វែតស៍ផេលា (North Rhine-Westphalia)។ ដោយឡែកប្រជាជននៅអាល្លឺម៉ង់ជាង ១,៣០០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយស្ថិតក្នុងរដ្ឋ រ៉ាញលែនដ៍ ផាឡាទីណេត (Rhineland-Palatinate)។ អាល្លឺម៉ង់ក៏បានបញ្ជូនយោធាឲ្យទៅស្វែងរក និងសង្គ្រោះអ្នកបាត់ខ្លួនទាំងនោះផងដែរ។
ដោយឡែកនៅប្រទេសប៊ែលហ្សិកវិញ មនុស្សសរុបជាង ២០នាក់ត្រូវបានអាជ្ញាធរបញ្ជាក់ថា ស្លាប់ និង ២០នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ដូចខាងលើនេះ។ គ្រោះទឹកជំនន់ និងការបាក់ដីបានកើតមានឡើង ក្រោយតំបន់ភាគកណ្តាលនៃទ្វីបអឺរ៉ុបនេះ បានទទួលរងភ្លៀងធ្លាក់ដ៏អាក្រក់ រហូតដល់ចំនួនទៅ ២៤ម៉ោងជាប់ៗគ្នា ដែលមិនធ្លាប់មាននោះឡើយ នៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ៕