(ហុងកុង)៖ តំណាងនៃក្រសួងការបរទេសចិន ប្រចាំនៅទីក្រុងហុងកុង បានចេញសេចក្តីថ្លែងការណ៍មួយ ដោយហៅការដាក់ទណ្ឌកម្មក្តៅៗ ពីសំណាក់សហរដ្ឋអាមេរិកនោះថា «ជាទង្វើគគ្លើនជាទីបំផុត» និង «គ្មានហេតុផលទាល់តែសោះ» ហើយក៏ជាសកម្មភាពសម្លុតគំរាម ដែលបង្កប់ដោយចេតនាគួរឲ្យស្អប់ខ្ពើមផងដែរ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
សហរដ្ឋអាមេរិកនៅថ្ងៃសុក្រសប្តាហ៍នេះ ប្រកាសដាក់ទណ្ឌកម្មទៅលើ មន្ត្រីចិនសរុបចំនួន ០៧នាក់ ពាក់ព័ន្ធការបង្ក្រាបលើក្រុមអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង។ ទណ្ឌកម្មខាងលើនេះត្រូវបានរៀបចំ និងប្រកាសចេញដោយក្រសួងរតនាគារអាមេរិក ដោយមានគោលដៅដាក់បន្ទុក ទៅលើមន្ត្រីចិនមួយចំនួន ដែលបម្រើការងារឲ្យការិយាល័យតំណាងនៃរដ្ឋាភិបាលចិន ប្រចាំនៅទីក្រុងហុងកុង។ មន្ត្រីចិនទាំង ០៧នាក់ ដែលទើបទទួលរងទណ្ឌកម្មនេះ គឺសុទ្ធសឹងតែជាមន្ត្រីជាន់ខ្ពស់ បម្រើការងារក្នុងការិយាល័យតំណាងចិនមួយនេះ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យនៃការិយាល័យតំណាងចិន ប្រចាំនៅតំបន់រដ្ឋបាលពិសេសហុងកុង បានចេញសេចក្តីថ្លែងការណ៍ «ថ្កោលទោសក្នុងកម្រិតធ្ងន់» ចំពោះទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក។ ចិនបានចាត់ទុកទៀតថា ទង្វើរបស់សហរដ្ឋអាមេរិកបែបនេះ បាននិងកំពុងបង្ហាញការលូកលាន់ត្រង់ៗតែម្តង ចូលមកកាន់កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។
សេចក្តីថ្លែងការណ៍របស់តំណាងក្រសួងការបរទេសចិន ដែលត្រូវបានចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការព្រួយបារម្ភអំពីបរិយាកាសធុរកិច្ចនៅហុងកុង (ពីសំណាក់អាមេរិក) គឺជារឿងក្លែងក្លាយ។ តាមការពិត នេះជាការប៉ុនប៉ងរបស់ពួកគេ ដើម្បីបំផ្លាញភាពរុងរឿង និងស្ថេរភាពរបស់ហុងកុង, បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិចិន និងរារាំងដល់ការអភិវឌ្ឍរបស់ចិន យ៉ាងពិតប្រាកដ»៕