(ប៉េកាំង)៖ កាលពីថ្ងៃទី១៤ ខែកក្កដា រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «ការធានាសិទ្ធិស្មើគ្នារបស់ជនជាតិនានា នៅភូមិភាគស្វយ័តស៊ីនជាំង»។ វាអាចបង្ហាញឱ្យឃើញថា ដោយមកពីបក្សកាន់អំណាចរបស់ ប្រទេសចិននិងរដ្ឋាភិបាលចិន បានប្រកាន់ខ្ជាប់ទស្សនៈសិទ្ធិមនុស្សស្តីពី «ចាត់ទុកប្រជាជនជាចម្បង» បានជាបុព្វហេតុសិទ្ធិមនុស្សនៃតំបន់ស៊ីនជាំង ទទួលបានការរីកចម្រើនជាប្រវតិ្តសាស្ត្រ។ ប្រការនេះបានលាតត្រដាងម្តងទៀតនូវពាក្យភូតកហុក ដែលប្រឌិតដោយកម្លាំងប្រឆាំងប្រទេសចិនរបស់លោកខាងលិច ។
ភាពស្មើគ្នារបស់ជនជាតិ ជាគោលការណ៍ជាមូលដ្ឋានមួយរបស់ប្រទេសចិនថ្មី តាមការធ្វើបទបង្ហាញរបស់សៀវភៅស បានឱ្យដឹងថា ចាប់តាំងពីប្រទេសចិនថ្មីបានបង្កើតឡើងមក ប្រទេសចិនបានប្រកាន់ខ្ជាប់ការចាត់ទុកការស្មើគ្នារបស់ជនជាតិ សាមគ្គីភាពគ្នាជនជាតិ និងវិបុលភាពរួមរបស់ជនជាតិនានា ជាគោលការណ៍ជាមូលដ្ឋាន សម្រាប់ដោះស្រាយបញ្ហាជនជាតិនិងទំនាក់ទំនងជនជាតិ។
តាំងពីចុងឆ្នាំ២០១៦មក ក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា តំបន់ស៊ីនជាំងមិនបានកើតមានព្រឹតិ្តការណ៍ភេរវកម្ម ដោយកម្លាំងហិង្សាសូម្បីតែមួយលើកក៏គ្មានដែរ ហើយការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមបានឈានចូល «ផ្លូវល្បឿនលឿន»។ តាមទិន្នន័យដែលមានចែងក្នុងសៀវភៅសនេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ២០២០ ប្រាក់ចំណូលដែលអាចប្រើប្រាស់បាន របស់ប្រជាជននៅតាមទីក្រុងនិងជនបទនៃតំបន់ស៊ីនជាំង គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ បានកើនឡើង១០៨.២ភាគរយ និង១១៦.៩ភាគរយដោយឡែកពីគ្នា។ គិតរហូតដល់ចុងឆ្នាំ២០២០ ជនក្រីក្រនៅជនបទនៃតំបន់ស៊ីនជាំងចំនួន២៧៣ម៉ឺននាក់ ដែលស្ថិតនៅក្រោមខ្សែបន្ទាត់ស្តង់ដារភាពក្រីក្របច្ចុប្បន្ន បានចេញផុតពីភាពក្រីក្រទាំងអស់ ដែលបានដោះស្រាយបញ្ហាភាពក្រីក្រដាច់ខាត ជាប្រវតិ្តសាស្ត្រ។ វាអាចបង្ហាញឱ្យឃើញថា ជនជាតិនានានៃតំបន់ស៊ីនជាំងមានឱកាសអភិវឌ្ឍន៍ស្មើគ្នា ហើយគោលដៅនៃការអភិវឌ្ឍ គឺសម្រេចបាននូវ «ភាពសម្បូរសប្បាយជាមួយគ្នា»។
ព្រមពេលជាមួយគ្នានេះ វប្បធម៌ជនជាតិនិងសេរីភាពខាងជំនឿសាសនានៃតំបន់ស៊ីនជាំង ក៏ទទួលបានការការពារនិងរីកចម្រើនផងដែរ។ បច្ចុប្បន្ននេះ ភាសានិងអក្សរជនជាតិនានានៃតំបន់ស៊ីនជាំងចំនួនជាង១០ អាចប្រើប្រាស់ជាទូទៅក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងព្រះវិហារអ៊ីស្លាមនៃតំបន់ស៊ីនជាំង មានបរិក្ខារគ្រប់គ្រាន់ ហើយក៏បានមានសេវាកម្មសុខាភិបាលនិងមានបរិក្ខារដូចជា អេក្រង់អេឡិចត្រូនិកនិងកំព្យុទ័រជាដើម ដែលបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំង ដល់ប្រជាជនកាន់សាសនា ។
ក្នុងរយៈពេល៤០ឆ្នាំកន្លងមក ចំនួនប្រជាជនជនជាតិវៃវូអឺនៃតំបន់ស៊ីនជាំង បានកើនឡើងពី៥៥០ម៉ឺននាក់ ឡើងដល់១,២៨០ម៉ឺននាក់ អាយុកាលគិតជាមធ្យមរបស់ប្រជាជន ត្រូវលើកកម្ពស់ពី៣០ឆ្នាំ ឡើងដល់៧២ឆ្នាំ ។ ព្រមពេលជាមួយគ្នានេះ ឥស្សរជនមានការយល់ដឹងខ្ពស់របស់លោកខាងលិចជាច្រើន ក៏បានបញ្ចេញសំឡេងដ៏យុត្តិធម៌។ ឧទាហរណ៍ដូចជា លោក Maxime Vivas បញ្ញវន្តរបស់ប្រទេសបារាំងបានសរសេរសៀវភៅមួយ ដែលមានចំណងជើងថា «ការបញ្ចប់នៃព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងជនជាតិវៃវូអឺ» ដោយបានលាតត្រដាងនូវពាក្យភូតកហុកពាក់ព័ន្ធនឹង តំបន់ស៊ីនជាំងមួយចំនួន ដែលប្រឌិតដោយប្រព័ន្ធសាព័ត៌មានលោកខាងលិចមួយចំនួន តាមរយៈបទពិសោធន៍ជីវិតផ្ទាល់ខ្លួន។
បច្ចុប្បន្ននេះ តំបន់ស៊ីនជាំងកំពុងស្ថិតិក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ពិភពលោកទាំងមូលអាចមើលឃើញថា តើប្រទេសចិនបានធ្វើយ៉ាងដូចម្តេច ដើម្បីប្រែក្លាយទស្សនៈ «សមភាពជនជាតិ» ទៅជាការអនុវត្តជាក់ស្តែង ក៏ដូចជាបានធានានិងលើកស្ទួយកម្រិតសិទ្ធិមនុស្ស ជាបន្តបន្ទាប់ផងដែរ។ ការប៉ុនប៉ងរបស់ «អ្នកអភិរក្សសិទ្ធិមនុស្ស» របស់លោកខាងលិចមួយចំនួន ដែលចង់បង្កភាពចលាចលនៅស៊ីនជាំង និងទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ពិតជានឹងទទួលបរាជ័យជាមិនខាន។ សូមដាស់តឿនពួកគេគួរតែគិតពិចារណាថា តើត្រូវធ្វើយ៉ាងម៉េច ទើបអាច «សងបំណុលឈាមខាងសិទ្ធិមនុស្ស ដែលបណ្តាលមកពីការអនុវត្តពូជសាសន៍និយម និងអាណានិគមនិយម»៕