(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៤០,៥២៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៣៤៤នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ជិត ៣៥លានករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២៤,៦០៦នាក់ និងជាសះស្បើយឡើងសរុប ២៩.៣៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
បើតាមរបាយការណ៍ពីអាជ្ញាធរអាមេរិក រយៈពេលជាងបីសប្តាហ៍ចុងក្រោយនេះ ករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក មានការកើនឡើងវិញខ្លាំង ហើយសម្រាប់មូលហេតុចម្បងៗ គឺដោយសារតែការរាតត្បាតដ៏រហ័សនៃវីរុស COVID-19 បម្លែងថ្មី Delta និងអ្នកដែលមិនទាន់ទទួលការចាក់វ៉ាក់សាំង នៅមានច្រើនទៀត។ អាជ្ញាធរអាមេរិកក៏កំពុងជំរុញឲ្យអ្នកមិនទាន់ចាក់វ៉ាក់សាំង ត្រូវប្រញាប់រួសរាន់ទៅទទួលការចាក់ផងដែរ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៦លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៥.១៣លាននាក់ (៥៦.៤%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦០.៤លាននាក់ (៤៨.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕