(ប៉េកាំង)៖ កាលពីថ្ងៃទី១៥ ខែកក្កដា អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីរឿងដែលប្រទេសចំនួន៤៨ ផ្ញើសារលិខិតជូនអគ្គនាយកអង្គការសុខភាពពិភពលោក ដើម្បីប្រឆាំងនឹងការធ្វើឱ្យបញ្ហាតាមដានរកប្រភពដើម នៃវីរុសទៅជាបញ្ហានយោបាយ។
អ្នកនាំពាក្យរូបនេះបានថ្លែងថា ក្នុងរយៈពេលដំបូងនៃការរីករាលដាលនៃជំងឺឆ្លង ប្រទេសចិនក៏បានបង្ហាញពីអាកប្បកិរិយាបែបវិទ្យាសាស្រ្ត ជំនាញនិងមានទំនួលខុសត្រូវ ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសដែរ។ ប្រទេសចិនបានធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការតាមដានរកប្រភពដើមនៃវីរុសជាសកល ជាមួយអង្គការសុខភាពពិភពលោកមុនគេ។ អាកប្បកិរិយាប្រកបដោយភាពបើកទូលាយ និងតម្លាភាពរបស់ប្រទេសចិនក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុស ត្រូវអ្នកជំនាញអន្តរជាតិទទួលស្គាល់យ៉ាងពេញលេញ។
អ្នកនាំពាក្យរូបនេះបានថ្លែងទៀតថា មួយរយៈពេលកន្លងទៅនេះ យើងបានមើលឃើញជាបន្តបន្ទាប់ថា ប្រទេសមួយចំនួនតូចដែលដឹកនាំដោយអាមេរិក បានបន្តុះបង្អាប់ប្រទេសចិនតាមរយៈការរីករាលដាលនៃជំងឺឆ្លង និងធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុស ទៅជាបញ្ហានយោបាយ។ ទង្វើទាំងនេះបានរំខាននិងបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ការសិក្សាស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការតាមដានរកប្រភពដើមនៃវីរុស ហើយក៏បានបង្កការលំបាកនិងឧបសគ្គយ៉ាងខ្លាំង ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងជួយសង្រ្គោះអាយុជីវិតរបស់បណ្តាប្រទេសនានាផងដែរ ដែលបានធ្វើឱ្យសហគមន៍អន្តរជាតិមិនពេញចិត្តនិងប្រឆាំងជាទូទៅ។
ទីបំផុត អ្នកនាំពាក្យរូបនេះបានថ្លែងថា បានសូមដាស់តឿនភាគីពាក់ព័ន្ធនានាឱ្យបញ្ឈប់លេងល្បែងនយោបាយ ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុស ហើយប្រកាន់អាកប្បកិរិយាបែបវិទ្យាសាស្រ្ត ដែលមានទំនួលខុសត្រូវយ៉ាងពិតប្រាកដ ក្នុងន័យរួមសហការជាមួយសហគមន៍អន្តរជាតិ ដើម្បីរួមចំណែករបស់ខ្លួនក្នុងការយកឈ្នះ លើការរីករាលដាលនៃជំងឺឆ្លង និងគាំពារសុខភាព និងសុខសុភមង្គលរបស់មនុស្សជាតិ៕