(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានថ្លែងថា វេទិកាបណ្ដាញទំនាក់ទំនងសង្គមដូចជា Facebook «កំពុងតែសម្លាប់មនុស្ស» បន្ទាប់ពីសេតវិមានបន្តការរិះគន់ក្រុមហ៊ុននេះ ដែលអនុញ្ញាតឱ្យមានព័ត៌មានមិនពិត អំពីវ៉ាក់សាំងបង្ការជំងឺ COVID-19 ត្រូវបានផ្សព្វផ្សាយនៅលើវេទិការបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២១។
នៅពេលត្រូវបានគេសួរអំពីព័ត៌មានមិនពិត និងអ្វីដែលជាសារផ្ញើរទៅកាន់បណ្ដាញទំនាក់ទំនងសង្គមនានា ដូចជា Facebook លោក បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មានថា «ពួកគេកំពុងតែសម្លាប់មនុស្ស។ សូមមើលទៅ... ជំងឺរាតត្បាតកំពុងឆ្លងរាតត្បាតតែក្នុងចំណោមអ្នក ដែលមិនទាន់ទទួលការចាក់វ៉ាក់សាំងប៉ុណ្ណោះ»។
ទោះជាយ៉ាងណា ក្រុមហ៊ុន Facebook បានច្រានចោលការរិះគន់របស់លោក បៃដិន ដោយនិយាយបកវិញថា «ការខិតខំរបស់ខ្លួនដើម្បីយកការពិតចេញមក គឺពិតជាជួយសង្គ្រោះអាយុជីវិតមនុស្ស។ យើងនឹងមិនបង្វែងដាន ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬដោយសារការចោទប្រកាន់ ដែលមិនត្រូវបានគាំទ្រដោយអង្គហេតុឡើយ»។
បើតាមស្ថិតពី Faceboo មនុស្សជាង ២ពាន់លាននាក់បានមើលព័ត៌មានអំពីជំងឺ COVID-19 និងវ៉ាក់សាំងបង្ការជំងឺនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដែលវាមានចំនួនច្រើនជាងបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗទៀត នៅលើប្រព័ន្ធអ៊ីនធើណេតបច្ចុប្បន្ន៕