(បាងកក)៖ រូបភាពជាច្រើនសន្លឹករបស់អ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅឯចំណតរថយន្ដក្បែរធុងសំរាម នៅមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងបាងកក បានបង្កឱ្យមានភាពរំជើបរំជួលចិត្តជាខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម នៅក្នុងប្រទេសថៃ ខណៈមន្ទីរពេទ្យកាន់តែច្រើនខ្វះខាតគ្រែ ប្រឈមមុខនឹងការកើនឡើង ករណីឆ្លងប្រចាំថ្ងៃយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Nation នាល្ងាចថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។
រូបថតរបស់អ្នកជំងឺ COVID-19 ដែលបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Facebook ត្រូវបានគេថតចេញពីចំណតរថយន្ដនៃមន្ទីរពេទ្យ PMG Hospital ក្នុងទីក្រុងបាងកក។ បើតាមរូបភាពទាំងនេះ គេឃើញអ្នកជំងឺ COVID-19 ជាច្រើនបានក្រាលតង់កៅស៊ូសម្រាប់គេង ខណៈអ្នកខ្លះទៀតគេង និងអង្គុយក្បែរ ធុងសំរាម។ ជុំវិញបញ្ហានេះដែរ សន្តិសុខមន្ទីរពេទ្យម្នាក់បានអះអាងថា អ្នកជំងឺ COVID-19 មួយចំនួនត្រូវបង្ខំចិត្តសម្រាកនៅឯចំណតរថយន្ដ ដោយសារតែខាងមន្ទីរពេទ្យខ្វះខាតគ្រែ និងរថយន្ដសង្គោះបន្ទាន់។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ ថៃបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ប្រចាំថ្ងៃ ៩,៦៩២នាក់ និងស្លាប់ ៦៧នាក់ ហើយនៅក្នុងចំណោមអ្នកឆ្លង និងស្លាប់ថ្មីទាំងនេះមានអ្នកឆ្លង ២,១៩៥នាក់ និងស្លាប់ ៣៣នាក់ ត្រូវបានរាយការណ៍នៅក្នុងទីក្រុងបាងកក។ ក្រៅពីអ្នកជំងឺច្រើនកកកុញ មនុស្សជាច្រើនផ្សេងទៀត ក៏បាននិងកំពុងសម្រុកទៅធ្វើតេស្តរក COVID-19 ផងដែរ ដែលនាំឲ្យកន្លែងធ្វើតេស្តកកកុញយ៉ាងខ្លាំង និងខ្លះត្រូវបង្ខំចិត្តគេងរង់ចាំ នៅខាងក្រៅអគារធ្វើតេស្តតែម្តង ទាំងពេលយប់ ពេលថ្ងៃ និងពេលមានភ្លៀងធ្លាក់ជោកជាំ៕