(គូឡាឡាំពួ)៖ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៉ី នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ខ្លួនបានផ្តល់ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១។
ក្រុមហ៊ុនអភិវឌ្ឍឱសថក្នុងស្រុករបស់ម៉ាឡេស៉ីឈ្មោះថា ឌូហ្វាម៉ា (Duopharma) ត្រូវបានចុះបញ្ជី ដើម្បីទទួលបន្ទុកនាំចូលវ៉ាក់សាំង Sinopharm។ កន្លងមកនេះ ក្រុមហ៊ុន Duopharma ក៏បានប្រកាសពីកិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំង COVID-19 របស់រុស្ស៉ី Sputnik V ចំនួន៦.៤លានដូស ដល់រដ្ឋាភិបាលម៉ាឡេស៉ីផងដែរ។
គួរបញ្ជាក់ថា ម៉ាឡេស៉ីបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីខែកុម្ភៈកន្លងទៅ ហើយវ៉ាក់សាំងដែលត្រូវបានប្រើប្រាស់ រួមមានវ៉ាក់សាំង Pfizer-BioNTech, វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sinovac ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Cansino និងវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ក៏ត្រូវបានអនុម័តផងដែរ តែមិនទាន់បានប្រើនៅឡើយទេ។
គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ម៉ាឡេស៉ីសម្រេចការចាក់វ៉ាក់សាំងបានជាង ១២.៦៤លានដូស ដោយក្នុងនោះមនុស្សជាង៤លាននាក់ ឬស្មើនឹង១២.៣ភាគរយនៃចំនួនប្រជាជនសរុប ទទួលបានការចាក់គ្រប់ដូស។ គិតត្រឹមថ្ងៃដដែល ម៉ាឡេស៉ីមានករណីឆ្លងសរុបនៃ COVID-19 ចំនួនប្រហែល៨៨០,០០០នាក់ ក្នុងនោះមានអ្នកស្លាប់ជាង៦,៦០០នាក់ ខណៈអត្រាឆ្លងប្រចាំថ្ងៃកើនឡើងយ៉ាងគំហុក៕