(ប៉េកាំង)៖ ពេលកន្លងទៅថ្មីៗនេះ ព័ត៌មានអំពីជីវៈចម្រុះគ្រប់ប្រភេទ ត្រូវបានបង្ហោះតាមរយៈបណ្តាញអ៊ីនធឺណែតឥតឈប់ឈរ ហើយសត្វព្រៃជិតផុតពូជជាច្រើនប្រភេទ ដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមក បានដើរលេចវាលចូលព្រៃជាថ្មីឡើងវិញ។ ប្រការនេះក៏បានឆ្លុះបញ្ចាំងពីការកែលម្អឥតឈប់ឈរ នៃអេកូបរិស្ថានរបស់ចិនផងដែរ ទស្សនៈស្តីពី "ការគោរពធម្មធាតិ សម្របតាមធម្មជាតិនិងអភិរក្សធម្មជាតិ" បានក្លាយជាក្រមប្រតិបត្តិ ដែលត្រូវគោរពតាមសម្រាប់រដ្ឋបាលគ្រប់ថ្នាក់ និងប្រជាជនដ៏ច្រើនសន្ធឹកនៃប្រទេសចិន។
ប៉ុន្មានថ្ងៃនេះ ព័ត៌មានស្តីពីកម្រិតរងការគំរាមកំហែងរបស់ខ្លាឃ្មុំផានដា ត្រូវបញ្ចុះពី "ជិតផុតពូជ" មកដល់ "ងាយផុតពូជ" បានក្លាយជាបញ្ហាចំណុចក្តៅនៅលើបណ្តាញអ៊ីនធឺណែត ហើយអ្នកប្រើអ៊ីនធឺណែតបាននាំគ្នាកោតសរសើរ និងពិភាក្សាយ៉ាងសកម្មអំពីការ "បញ្ចុះកម្រិត" លើកនេះ។ ទោះបីជាកម្រិតរងការគំរាមកំហែងរបស់ខ្លាឃ្មុំផានដា ត្រូវបានបញ្ចុះក៏ដោយ ក៏ប៉ុន្តែកម្លាំងអភិរក្សមិនបានកាត់បន្ថយនោះទេ ខ្លាឃ្មុំផានដានៅតែជាសត្វលំដាប់ទី ១ ថ្នាក់ជាតិរបស់ប្រទេសចិនដដែល។
គិតរហូតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតប្រព័ន្ធតំបន់អភិរក្សធម្មជាតិ ដែលមានភាពល្អពេញលេញបង្គួរ ប្រព័ន្ធអេកូបរិស្ថានធម្មជាតិក្នុងទំហំធំ ត្រូវបានអភិរក្សជាប្រព័ន្ធ និងដោយពេញលេញ ហើយអេកូបរិស្ថាននៃសត្វ និងរុក្ខជាតិព្រៃក៏ត្រូវបានកែលម្អ ប្រកបដោយប្រសិទ្ធភាពផងដែរ។ តាមទិន្នន័យដែលចេញផ្សាយដោយ រដ្ឋបាលជាតិរុក្ខកម្ម និងវាលស្មៅចិនកាលពីខែមី នាឆ្នាំនេះបានឱ្យដឹងថា បច្ចុប្បន្នបរិមាណនៃខ្លាឃ្មុំផានដា ដែលបន្តពូជដោយសិប្បនិមិត្តនៃប្រទេសចិន មានដល់ទៅចំនួន ៦០០ក្បាល ដែលបានគាំទ្រយ៉ាងខ្លាំងក្លាដល់ការកើនឡើងវិញ និងការបន្តពូជនៃខ្លាឃ្មុំផានដាប្រភេទព្រៃ។ ហេតុនេះហើយបានជា ខ្លាឃ្មុំផានដាព្រៃមានចំនួនដល់ទៅជាង ១៨០០ក្បាល ដែលបានលើសពីកម្រិតជិតផុតពូជ ដែលមានចំនួន ២៥០ក្បាល ហើយក៏ឡើងដល់កម្រិតនៃការងាយផុតពូជដែលមានចំនួន ១០០០ក្បាលផងដែរ ។ ជាងនេះទៅទៀត បរិមាណនៃដំរីអាស៊ីបានកើនឡើងពីចំនួន ១៨០ ក្បាលដល់ទៅជិត ៣០០ ក្បាល បរិមាណនៃសត្វ Tibetan Antelope បានកើនឡើងពីចំនួនមិនដល់ ៧៥០០០ ក្បាលដល់ចំនួនជាង ៣០ ម៉ឺនក្បាល ក៏ដូចជាបរិមាណនៃសត្វ Crested Ibis បានកើនឡើងពីចំនួនតែ ៧ ក្បាលនាពេលដំបូងបង្អស់ដល់ចំនួនលើសពី ៤០០០ ក្បាល។
ក្រៅពីការប្រែប្រួលនៃទិន្នន័យស្ថិតិ ប្រសិទ្ធភាពនៃការអភិរក្សសត្វព្រៃ ក៏ត្រូវបានបង្ហាញយ៉ាងច្បាស់ ក្នុងជីវភាពរស់នៅរបស់ពួកយើងផងដែរ ពោលគឺ ស្ថានភាពរស់នៅរបស់ប្រភេទសត្វដែលជិតនឹងផុតពូជ ដូចជាខ្លាឃ្មុំផេនដាព្រៃ សត្វ Tibetan Antelope និងសត្វ Elk ជាដើមមានភាពកាន់តែល្អជាងមុន ។ សត្វព្រៃដែលបានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកដូចជា សត្វ Felis bieti និងសត្វ rufous-necked hornbill ជាដើមក៏បានដើរលេចវាលចូលព្រៃជាថ្មីឡើងវិញ គេបានប្រទះឃើញដានជើងនៃសត្វខ្លាភាគឦសាននៅតំបន់ភ្នំនៃខេត្ត Jilin និងខេត្ត Hei Longjiang នាពេលថ្មីៗកន្លងទៅនេះ ដំរីអាស៊ីដែលរស់នៅខេត្ត Yun Nan បានដើរទេសទៅកាន់តំបន់ភាគខាងជើង និងត្រីបាឡែនបានលេចចេញម្តងទៀតជាថ្មីឡើងវិញ នៅឈូងសមុទ្រ Da Peng នៃក្រុង Shen Zhen។ នៅពីក្រោយការយកចិត្តទុកដាក់របស់ប្រជាជន ក៏បានបង្ហាញឱ្យឃើញនូវការត្រូវលើកកម្ពស់ជាបណ្តើរៗ នៃមនសិការអភិរក្សសត្វព្រៃរបស់មនុស្សជាទូទៅផងដែរ។
សូមរំលឹកថា គោលនយោបាយជាច្រើនត្រូវបានដាក់ចេញ គម្រោងផែនការជាច្រើនត្រូវបានអនុវត្ត ក៏ដូចជាលទ្ធផលជាផ្លែផ្កាជាច្រើនត្រូវបានប្រកាស។ល។ ប្រការនេះធ្វើឱ្យបរិមាណនៃសត្វនិងរុក្ខជាតិព្រៃ ដែលជិតផុតពូជនៅប្រទេសចិន មានការកើនឡើងប្រកបដោយភាពនឹងនរ សត្វនិងរុក្ខជាតិព្រៃភាគច្រើនដាច់ខាត ត្រូវបានអភិរក្សប្រកបដោយប្រសិទ្ធភាព ហើយកិច្ចការអភិរក្សសត្វ និងរុក្ខជាតិព្រៃទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ ដែលបានរួមចំណែកដល់ការរក្សាតុល្យភាពអេកូឡូស៊ី នៅទូទាំងពិភពលោក។
"ការវិលត្រឡប់ទៅធម្មជាតិវិញ" របស់សត្វព្រៃ គឺមិនអាចឃា្លតពីកិច្ចខិតខំប្រឹងប្រែងជាច្រើនរបស់ប្រទេសចិន ក្នុងការអភិរក្សជីវៈចម្រុះគ្រប់ប្រភេទ និងការស្តារអេកូឡូស៊ីឡើងវិញ។ ការអភិរក្សទីជម្រកគឺជាវិធានការសំខាន់បំផុត និងមានប្រសិទ្ធភាពបំផុត សម្រាប់អភិរក្សជីវៈចម្រុះគ្រប់ប្រភេទឱ្យបានគង់វង្ស។ ប្រទេសចិនបានជំរុញការបង្កើតប្រព័ន្ធតំបន់អភិរក្សធម្មជាតិ ដែលចាត់ទុកឧទ្យានជាតិជាតួអង្គសំខាន់ គិតរហូតមកទល់បច្ចុប្បន្ននេះ តំបន់អភិរក្សធម្មជាតិគ្រប់ថ្នាក់គ្រប់ប្រភេទ នៅទូទាំងប្រទេសចិនមានចំនួនលើសពី ១១៨០០ កន្លែងដែលបានគ្របដណ្តប់លើផ្ទៃដី ១៨ ភាគរយនៃទំហំដីគោកប្រទេសចិន ហើយបានអភិរក្សប្រកបដោយប្រសិទ្ធភាព នូវប្រភេទដើមឈើលើដីបៃតង និងប្រព័ន្ធអេកូបរិស្ថានលើដីគោក ៩០ ភាគរយ បរិមាណនៃរុក្ខជាតិថ្នាក់ខ្ពស់ ៦៥ ភាគរយ ក៏ដូចជាបរិមាណនៃសត្វព្រៃ ដែលត្រូវអភិរក្សសំខាន់ ៨៥ ភាគរយផងដែរ។
នៅពីក្រោយវិធានការអភិរក្សដ៏រឹងមាំ គឺការធានាយ៉ាងមុតមាំរបស់ច្បាប់ និងការកំណត់ស្តីពីការអភិរក្សសត្វ និងរុក្ខជាតិព្រៃដែលមានសុក្រឹតភាពជាបន្តបន្ទាប់។ ក្នុងអំឡុងពេល"ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៣ " រដ្ឋាភិបាលចិនបានធ្វើវិសោធនកម្ម ចំពោះច្បាប់អភិរក្សសត្វព្រៃចំនួនពីរលើក។ នៅខែកុម្ភៈ ឆ្នាំ២០២១ «បញ្ជីសត្វព្រៃដែលត្រូវអភិរក្សសំខាន់របស់ចិន» ដែលបានធ្វើវិសោធនកម្មថ្មីត្រូវបានប្រកាស ដែលបានបន្ថែមសត្វព្រៃចំនួន ៥១៧ ប្រភេទទៀត នេះបានបង្ហាញថា កម្លាំងអភិរក្សសត្វព្រៃត្រូវបានបង្កើនថែមមួយកម្រិតទៀត។
ការធ្វើពាណិជ្ជកម្មខុសច្បាប់ គឺជាកត្តាបង្កការផុតពូជសំខាន់មួយសម្រាប់សត្វ និងរុក្ខជាតិព្រៃ។ កាលពីឆ្នាំ ២០១៦ រដ្ឋបាលជាតិរុក្ខកម្ម និងវាលស្មៅចិនបានបង្កើតប្រព័ន្ធសន្និសីទរួមអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មខុសច្បាប់ អំពីសត្វនិងរុក្ខជាតិព្រៃ។ បច្ចុប្បន្ននេះ អង្គភាពជាសមាជិកត្រូវបានពង្រីកពីចំនួន ២២ នៅពេលដំបូងដល់ទៅចំនួន ២៧ ហើយ។
ព្រមពេលជាមួយគ្នានេះ ប្រទេសចិនបានយកចិត្តទុកដាក់ដល់ការអនុវត្ត ដោយមានទំនួសខុសត្រូវនូវ «អនុសញ្ញាពាណិជ្ជកម្មអន្តរជាតិ ស្តីពីប្រភេទសត្វនិងរុក្ខជាតិព្រៃជិតផុតពូជ» ហើយទទួលបានសមិទ្ធផលគួរឲ្យពិភពលោកភ្ញាក់ផ្អើល។ បច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតស្ថាប័នគ្រប់គ្រង ដែលមានលក្ខណៈចម្រុះនិងស្ថាប័នវិទ្យាសាស្ត្រ ដែលមានបុគ្គលិកគ្រប់គ្រាន់ ហើយបានចាត់វិធានការតាក់តែងច្បាប់ និងអនុវត្តច្បាប់មួយចំនួនដែលបានរួមចំណែកដ៏ធំសម្បើម ដល់ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មខុសច្បាប់ អំពីសត្វនិងរុក្ខជាតិព្រៃនៅទូទាំងពិភពលោក។
ការអភិរក្សសត្វនិងរុក្ខជាតិព្រៃ មិនអាចឃា្លតពីការចូលរួមរបស់ប្រជាជននោះឡើយ។ ចាប់ពីឆ្នាំ ២០១៦ មក ក្រោមការគាំទ្រពីសំណាក់រដ្ឋបាលជាតិរុក្ខកម្ម និងវាលស្មៅចិន សមាគមអភិរក្សសត្វព្រៃប្រទេសចិន បានចាត់ចែងអ្នកស្ម័គ្រចិត្តឱ្យធ្វើ "ប្រតិបត្តិការអភិរក្សសត្វបក្សី" ជារៀងរាល់ឆ្នាំ។ គិតរហូតមកដល់ពេលបច្ចុប្បន្ន បានធ្វើសកម្មភាពសរុបជាង ៣៣០០ លើកដែលមានការចូលរួមរបស់អ្នកស្ម័គ្រចិត្តជាង ២២០០០នាក់ និងបានជួយសង្រ្គោះសត្វបក្សីព្រៃជាង ២២០០០ ក្បាល ។
យ៉ាងណាក៏ដោយ កម្រិតរងការគំរាមកំហែងរបស់សត្វ និងរុក្ខជាតិព្រៃ គឺប្រៀបដូចជាថ្នាំជំនួយបេះដូងសម្រាប់បង្កើនការអភិរក្សជីវចម្រុះគ្រប់ប្រភេទ តែមិនមែនជាថ្នាំស្ពឹកសម្រាប់បន្ធូរបន្ថយការអភិរក្សនោះទេ។ មានអ្នកជំនាញមួយចំនួនបានបង្ហាញថា ការអភិរក្សសត្វខ្លាឃ្មុំផេនដាព្រៃ នៅតែប្រឈមនឹងបញ្ហាជាច្រើនដដែល។ ជាងនេះទៅទៀត ការបញ្ចុះកម្រិតអភិរក្សត្រឹមតែសម្រាប់ប្រភេទសត្វ និងរុក្ខជាតិចំនួនតិចតួចប៉ុណ្ណោះទេ ហេតុនេះហើយ ត្រូវតែបង្កើនការអភិរក្សប្រភេទសត្វ និងរុក្ខជាតិដែលជិតនឹងផុតពូជកាន់តែច្រើនថែមទៀត។
បើមើលតាមស្ថានភាពជាសកល មនុស្សជាតិនិងធម្មជាតិនៅតែប្រឈមនឹងបញ្ហា ដូចជាការបាត់បង់ជីវចម្រុះគ្រប់ប្រភេទ និងបម្រែបម្រួលនៃបរិស្ថានជាដើម ភពផែនដីដែលយើងពឹងអាស្រ័យ ប្រឈមនឹងគ្រោះមហន្តរាយជាច្រើនដដែល។ យើងរំពឹងទុកថា មហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាជីវចម្រុះគ្រប់ប្រភេទ» នៃអង្គការសហប្រជាជាតិលើកទី ១៥ ដែលជិតនឹងបើកធ្វើនៅប្រទេសចិន អាចនឹងឈានដល់គំនិតឯកភាពរួមកាន់តែច្រើន និងជំរុញឱ្យសម្រេចកិច្ចសហប្រតិបត្តិការកាន់តែច្រើន ដើម្បីធ្វើឱ្យសត្វនិងរុក្ខជាតិកាន់តែច្រើន អាចរស់នៅក្នុងភពផែនដីដោយសេរី៕ (#CCFRComment#)