(ប៉េកាំង)៖ ថ្ងៃទី១៥ ខែកក្កដា រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសពីទិន្នន័យសេដ្ឋកិច្ចជាតិនៅឆមាសទីមួយឆ្នាំ២០២១។ តាមការធ្វើស្ថិតិជាជំហានដំបូងបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ចិននៅឆមាសទីមួយឆ្នាំនេះ គឺ៥៣លាន ២សែន ១ម៉ឺន ៦ពាន់ ៧រយលានយាន់ប្រាក់ចិន ដែលបានកើនឡើង១២.៧ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ អត្រាកំណើនគិតជាមធ្យមក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះគឺ៥.៣ភាគរយ។
បើមើលពីសភាពការណ៍ទូទៅអាចសង្កេតឃើញថា «ក្បាលម៉ាស៊ីនទាំងបី» ពោលគឺការប្រើប្រាស់ការវិនិយោគនិងការធ្វើពាណិជ្ជកម្មជាមួយក្រៅប្រទេសបានដំណើរការ ដោយនឹងនរ ដែលបានជំរុញសេដ្ឋកិច្ចចិនឱ្យមានស្ថិរភាពកាន់តែរឹងមាំ និងមានភាពកាន់តែល្អប្រសើរ។ បើនិយាយដល់ការរួមចំណែកដល់កំណើនសេដ្ឋកិច្ច នោះការប្រើប្រាស់ គឺជាកក្តាដ៏សំខាន់បំផុត។ នៅឆមាសទីមួយឆ្នាំនេះ អត្រារួមចំណែករបស់ការចំណាយក្នុងកំណើនសេដ្ឋកិច្ចចិនបានឡើងដល់ ៦១.៧ភាគរយ ខ្ពស់ជាងទំហំប្រាក់ទុនសរុប ៤២.៥ភាគរយ។
រីឯកម្លាំងអូសទាញរបស់ពាណិជ្ជកម្មនាំចេញនាំចូលក៏មិនអាចមើលស្រាលបានផងដែរ។ ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ពាណិជ្ជកម្មនាំចេញនាំចូលរបស់ប្រទេសចិនសម្រេច បាននូវការកើនឡើងឆាប់បង្គួរ ទំហំសរុបនៃការនាំចេញនាំចូលទំនិញនៅឆមាសទីមួយឆ្នាំនេះ បានកើនឡើង២៧.១ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ហើយបានកើនឡើង ២២.៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ល្បឿនកំណើនគិតជាមធ្យមក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ គឺលើសពី ១០ភាគរយ។
ក្រៅពីនេះ ការវិនិយោគបានងើបឡើងវិញជាបន្តបន្ទាប់ ជាពិសេស ការវិនិយោគក្នុងវិស័យកង្វះខាតនៅកាលពីមុន មានការកើនឡើងឆាប់បង្គួរដែលបានបំពេញបន្ថែម កម្លាំងចលករយ៉ាងខ្លាំងក្លាសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។ ព្រមពេលជាមួយគ្នានេះ ទុនបរទេសមានសុទិដ្ឋិនិយមចំពោះទីផ្សារចិនជាបន្តបន្ទាប់។ អនុលោមតាម ទិន្នន័យដែលក្រសួងពាណិជ្ជកម្មចិនប្រកាសនៅពេលមុននេះមិនជាយូរប៉ុន្មានបានឱ្យដឹងថា ពីខែមករាដល់ខែមិថុនា នៅទូទាំងប្រទេសចិនទុនបរទេសដែលបានប្រើប្រាស់ ជាក់ស្តែងក្នុងវិស័យមិនមែនហិរញ្ញវត្ថុ មានចំនួន ៦សែន ៧ពាន់៨៤០លានប្រាក់យាន់ចិន បានកើនឡើង ២៨.៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ ហើយបានកើនឡើង២៧.១ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ដែលមិនទាន់ផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩។
នាពេលថ្មីៗកន្លងទៅនេះ ធនាគារពិភពលោកនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិសុទ្ធតែបានដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចនៃប្រទេសចិនក្នុងឆ្នាំនេះ។ វាច្បាស់លាស់ណាស់ ទីផ្សារបានមើលឃើញនូវនិន្នាការដ៏សំខាន់ដូចតទៅ៖ ទីមួយ កម្លាំងចលករផ្ទៃក្នុងនៃសេដ្ឋកិច្ចចិនមានភាពកាន់តែខ្លាំងឡើងៗជាបន្តបន្ទាប់។ ទីពីរ ទីផ្សារមានជំនឿចិត្តកាន់តែខ្លាំងឡើងៗ។ ទីបី ការងើបឡើងវិញជាបន្តបន្ទាប់នៃសេដ្ឋកិច្ចសកលបានផ្តល់មូលដ្ឋានគ្រឹះយ៉ាងរឹងមាំដល់កំណើននៃតម្រូវការមកពីខាងក្រៅ។
ក្រៅពីនេះ គោលនយោបាយម៉ាក្រូរបស់ប្រទេសចិននឹងបន្តផ្តល់ទីបង្អែកដល់សេដ្ឋកិច្ចពិតប្រាកដ ប្រការនេះនឹងបំពេញបន្ថែមកម្លាំងរស់រវើកដល់ទីផ្សារជាបន្តបន្ទាប់។
នៅឆមាសទីពីរឆ្នាំនេះ ពិតតែមតែនៅតែប្រឈមនឹងភាពមិនប្រាកដប្រជានិងអស្ថិរភាពជាច្រើនក៏ដោយ ក៏ប៉ុន្តែសរុបមក គឺមានកាលានុវត្តភាពច្រើនជាងការលំបាក។ ទីផ្សារ មានសុទិដ្ឋិនិយមចំពោះនិន្នាការកើនឡើងប្រកបដោយស្ថិរភាពនៃសេដ្ឋកិច្ចចិនក្នុងពេញមួយឆ្នាំ ហើយនិន្នាការនេះក៏ជាបំណងប្រាថ្នារបស់សេដ្ឋកិច្ចសកល ដែលត្រូវការជាបន្ទាន់នូវកម្លាំងចលករក្នុងការងើបឡើងវិញផងដែរ៕