(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិកមិនគួរជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបាទេ ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនដកទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកបានបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសគុយបាដោយចេតនា តាមរយៈការដាក់ទណ្ឌកម្មដែលមានអាយុកាលមួយទសវត្សមកហើយ ក្នុងគោលបំណងរើសអើងប្រជាជននៃប្រទេសមួយនេះ។
លោកស្រីក៏បានកត់សម្គាល់ថា ការរក្សាប្រទេសគុយបានៅក្នុងបញ្ជីប្រទេសគាំទ្រភេរវកម្ម បានរារាំងការអភិវឌ្ឍរបស់ប្រទេសមួយនេះ ក៏ដូចជាការរារាំងការធ្វើសមាហរណកម្មទៅក្នុងដំណើរការនយោបាយរបស់ពិភពលោក។
លោកស្រីបន្ថែមថា ជំនួសឱ្យការជួយប្រទេសគុយបា នៅពេលដែលប្រទេសមួយនេះកំពុងប្រឈមនឹងជំងឺរាតត្បាត សហរដ្ឋអាមេរិកកំពុងតែអនុវត្តគោលនយោបាយដែលមានគោលបំណងបង្កើនភាពតានតឹង និងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែធ្ងន់ធ្ងរឡើង ដើម្បីជំរុញឱ្យមានអារម្មណ៍ប្រឆាំងនឹងរដ្ឋាភិបាល។
អ្នកនាំពាក្យរូបនេះបាននិយាយដូច្នេះថា «យើងជំរុញក្រុងវ៉ាស៊ីនតោន…កុំឲ្យជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយ»៕