(ហាណូយ)៖ វៀតណាមកាលពីថ្ងៃពុធសប្តាហ៍នេះ បានឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer សន្យានឹងផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 បន្ថែម២០លានដូសមកដល់ខ្លួន ខណៈប្រទេសអាស៊ានមួយនេះកំពុងព្យាយាមស្ទុះស្ទាបង្កើនចំនួនវ៉ាក់សាំងនៅក្នុងស្តុក ដើម្បីទប់ទល់ជាមួយការកើនឡើងយ៉ាងធ្ងន់ធ្ងរ នៃករណីឆ្លងជំងឺនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។
យ៉ាងណាមិញ មិនមានការបញ្ជាក់ថា វ៉ាក់សាំងទាំងនោះ នឹងមកដល់នៅពេលណាឲ្យប្រាកដឡើយ ខណៈវៀតណាមអាចប្រឈមនឹងការខ្វះខាតវ៉ាក់សាំង ប្រសិនបើពួកវាយឺតយ៉ាវក្នុងការមកដល់ ហើយនាំឲ្យស្ថានភាពរាតត្បាតរបស់ COVID-19 នៅក្នុងប្រទេសនេះ កាន់តែដុនដាបខ្លាំងថែមទៀត។ ក្នុងថ្ងៃពុធដដែល វៀតណាមបានមើលឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃ ដល់ទៅជិត៣,០០០ករណី ដែលជាកំណត់ត្រាថ្មីមួយកម្រិតទៀត បន្ទាប់ការរាតត្បាតបានកើនឡើងជាបន្តបន្ទាប់ ក្នុងប្រទេសនេះ ជាពិសេសនៅទីក្រុងហូជីមិញ ដែលមានមនុស្សរស់នៅច្រើនបំផុត របស់វៀតណាម ហើយជាកន្លែងដែលត្រូវស្ថិតក្រោម វិធានការបិទខ្ទប់ (lockdown) ចាប់តាំងពីសប្តាហ៍មុនមក។
ពាក់ព័ន្ធនឹងស្ថានការណ៍ឆ្លងរាលដាលនៃ COVID-19 រូបភាពដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម Facebook ក្នុងប្រទេសវៀតណាម បានបង្ហាញអំពីភាពកកុញ នៅតាមមន្ទីរពេទ្យមួយចំនួន ដោយសារតែអ្នកជំងឺ និងអ្នកធ្វើចត្តាឡីស័កកំពុងកើនឡើង ដោយខ្លះត្រូវបង្ខំចិត្តគេងនៅក្នុងតង់ និងនៅតាមទីធ្លាក្រៅមន្ទីរពេទ្យ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការសង្គ្រោះថែមទៀតផង។
ជាមួយគ្នានេះ រោងចក្រនៃក្រុមហ៊ុនធំៗមួយចំនួនរបស់បរទេសដូចជា Nike, Adidas, Pou Chen និង Samsung បានផ្អាកផលិតកម្មរបស់ខ្លួន ជាបណ្តោះអាសន្នក្នុងទីក្រុងហូជីមិញ ដោយសារតែផ្ទុះករណីឆ្លងនៅតាមរោងចក្រ និងសហគ្រាសរបស់ពួកគេ។ ឆ្លើយតបចំពោះស្ថានភាព ដ៏យ៉ាប់យ៉ឺននេះ អាជ្ញាធរទីក្រុងហូជីមិញ កំពុងតែស្វះស្វែងដោះស្រាយបញ្ហាយ៉ាងបន្ទាន់បំផុត ខណៈប្រជាជនរស់នៅទីនេះមានរហូតដល់ជិត ៩លាននាក់ឯណោះ និងជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់បំផុត របស់ប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធម្សិលមិញ វៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសកើនដល់ ៣៧,៤៣៤នាក់ ក្នុងនោះស្លាប់ ១៣០នាក់ និងជាសះស្បើយ ៩,៦២៤នាក់។ ចំណែកការចាក់វ៉ាក់សាំង គឺមនុស្សមិនដល់៣០០,០០០នាក់ ដែលទទួលបានការចាក់គ្រប់ដូស ខណៈវៀតណាម មានប្រជាជនសរុបដល់ទៅជិត១០០លាននាក់៕