(ឌូស្ហាន់បេ)៖ លោក វ៉ាង យី (Wang Yi) រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន កាលពីថ្ងៃពុធសប្តាហ៍នេះ បានថ្លែងថា ចិននិងឥណ្ឌា គួរជាប្រទេសដៃគូ ដែលផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍដល់គ្នាទៅវិញទៅមក មិនមែនការគំរាមកំហែង គូប្រជែង ឬមួយក៏សត្រូវ នឹងគ្នានោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១។
លោក វ៉ាង បានធ្វើការកត់សម្គាល់ដូចខាងលើ កំលុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃស្សានការ (Subrahmanyam Jaishankar) នៅឯទីក្រុងឌូស្ហាន់បេ នៃប្រទេសតាហ្ស៉ីគីស្ថាន។ លោក វ៉ាង បានរំលឹកថា ចាប់តាំងពីប្រមុខការទូតរបស់ ប្រទេសទាំងពីរ បានជួបគ្នាលើកចុងក្រោយ នៅទីក្រុងម៉ូស្គូនៃប្រទេសរុស្ស៉ី កាលពីខែកញ្ញា ឆ្នាំមុន កងទ័ពទាំងសងខាង ត្រូវបានដកចេញ ពីតំបន់ជម្លោះព្រំដែន ហើយស្ថានការណ៍នៅព្រំប្រទល់ចិន-ឥណ្ឌា ជាទូទៅគឺបានវិលទៅរកសភាពស្ងប់ស្ងាត់វិញ។
ក៏ប៉ុន្តែលោករដ្ឋមន្រ្តីការបរទេសចិន បានគូសបញ្ជាក់ថា ទំនាក់ទំនងចិន-ឥណ្ឌា ហាក់នៅស្ថិតនៅកម្រិតទាបនៅឡើយ ដែលមិនបម្រើដល់ ផលប្រយោជន៍របស់ភាគីណាមួយឡើយ។ ដូច្នេះហើយលោក ជំរុញឲ្យប្រទេសទាំងពីរខំប្រឹងកសាងទំនាក់ទំនងល្អ ដោយមិនគួរធ្វើជាការគំរាមកំហែងដាក់គ្នា ប៉ុន្តែជាឱកាសសម្រាប់ការអភិវឌ្ឍរបស់ភាគីម្ខាងៗ ហើយចិននិងឥណ្ឌា គួរក្លាយខ្លួនជាដៃគូសហការ មិនមែនគូប្រជែង ឬមួយក៏ គូសត្រូវនោះឡើយ។
គួរបញ្ជាក់ថា សម្រាប់ខាងលោករដ្ឋមន្រ្តីការបរទេសឥណ្ឌា រូបលោកក៏បានបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគី របស់ប្រទេសទាំងពីរផងដែរ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង៕