(ប៉េកាំង)៖ តាមទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយរដ្ឋបាលគយចិនកាលពីថ្ងៃទី១៣ ខែកក្កដាបានឱ្យដឹងថាទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មទំនិញ ចិនក្នុងឆមាសទីមួយឆ្នាំ២០២១ បានកើនឡើង ២៧.១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ ដែលបានឡើងដល់ ១៨.០៧ ទ្រីលានយាន់ប្រាក់ចិន។
វាបានបង្កើតកំណត់ត្រាល្អបំផុតបើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងប្រវត្តិសាស្ត្រ ហើយក៏បានកើនឡើង ២២.៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា មុនពេលផ្ទុះការរីករាលដាលនៃជំងឺកូវីដ ១៩ កាលពីឆ្នាំ២០១៩ ផងដែរ។
គួរបញ្ជាក់ថា ការទទួលបាន «តារាងពិន្ទុ»នេះគឺមានទំនាក់ទំនងជាមួយកត្តាជាច្រើន។ ទីមួយ ស្ថានភាពជាមូលដ្ឋាននៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរ និងមានស្ថិរភាពបានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់កំណើនប្រកបដោយស្ថិរភាពនិងនិរន្តរភាពនៃពាណិជ្ជកម្មជាមួយបរទេស។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានធ្វើអត្ថាធិប្បាយថា ដោយសារបានទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងលឿនជាងដៃគូពាណិជ្ជកម្ម បានជាសេដ្ឋកិច្ចចិនបានចាប់ផ្តើមដើរចេញផុត ពីភាពថមថយចុះ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានខែដំបូងឆ្នាំ២០២០ ហើយសម្រេចបាននូវ «ការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយភាពនឹងនរ»។
ប្រការដែលគួរឱ្យលើកឡើងនោះគឺ ទិន្នន័យពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក្នុងខែមិថុនាមានភាពខ្លាំងក្លាដែលបានលើសពីការប៉ានប្រមាណទុកជាមុន របស់អ្នកវិភាគភាគច្រើន។ ទំហំនាំចេញនាំចូលសរុបនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនក្នុងខែមិថុនាបានឡើងដល់ ៣.២៩ ទ្រីលានយាន់ប្រាក់ចិនដែល បានកើនឡើង ២២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ នេះគឺជាការសម្រេចបាននូវកំណើនវិជ្ជមានក្នុងរយៈពេល ១៣ខែជាប់ៗគ្នា ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០មក។
ប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួនបានចុះផ្សាយអត្ថបទដោយអះអាងថារឿងនេះគឺ «មិននឹកស្មានទាល់តែសោះ»។ តាមពិតទៅ រឿងនេះគឺ សមហេតុសមផល។ ពីព្រោះសមត្ថភាពដ៏ខ្លាំងក្លារបស់ចិនក្នុងការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងត្រូវបានពិនិត្យបញ្ជាក់យ៉ាងពេញលេញ សមត្ថភាពបែបនេះបានផ្តល់ការធានាយ៉ាងមុតមាំសម្រាប់លំនឹងស្ថានភាពជាមូលដ្ឋាននៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិន។
លើសពីនេះទៅទៀត ទន្ទឹមនឹងក្របខណ្ឌចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកត្រូវបានពង្រីកព្រមទាំងសេដ្ឋកិច្ចសកលបានងើបឡើងវិញជាបន្តបន្ទាប់ ការកើនឡើងនៃតម្រូវការមកពីខាងក្រៅបានជំរុញយ៉ាងខ្លាំងឱ្យពាណិជ្ជកម្មជាមួយបរទេសរបស់ចិនកើនឡើងជាបន្តបន្ទាប់។ នៅពេលថ្មីៗកន្លងទៅនេះ អង្គការអន្តរជាតិជាច្រើនបាននាំគ្នាដំឡើងការប៉ាន់ប្រមាណចំពោះកំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់បណ្តាប្រទេសនានា បានលើកកម្ពស់ជំនឿចិត្តរបស់ពាណិជ្ជកម្មអន្តរជាតិ។
ការងើបឡើងវិញនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនមិនត្រឹមតែមានអំណោយផលដល់ខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ ពិភពលោកផងដែរ។
ក្រៅពីបន្តផ្តល់កម្លាំងចលករដល់ការលំនឹងខ្សែសង្វាក់ផ្គត់ផ្គង់សកល សហគ្រាសនាំចេញរបស់ចិនក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លងជាសកលផងដែរ។ នាពេលបច្ចុប្បន្ននេះ វ៉ាក់សាំងនិងធាតុរាវដើមដែលប្រទេសចិនបានផ្គត់ផ្គង់ដល់ ពិភពលោកទាំងមូល គឺស្មើនឹង១ ភាគ៦ នៃបរិមាណសរុបនៃវ៉ាក់សាំង ជាសកល។ នេះគឺជាការរួមចំណែកជាក់ស្តែងដែលប្រទេសចិនបានធ្វើដើម្បី កិច្ចសហប្រតិបតិ្តការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងការងើបឡើងវិញនៃ សេដ្ឋកិច្ចជាសកល។
កម្លាំងចលករផ្ទៃក្នុងនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិនបានកើនឡើងឥតឈប់ឈរ ហើយគោលនយោបាយនិងវិធានការមួយចំនួន ក៏នឹងដើរតួនាទីរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ។
ប្រការនេះមិនត្រឹមតែមានអំណោយផលដល់ពាណិជ្ជកម្មជាមួយប្រទេសរបស់ចិនរក្សាកំណើនប្រកបដោយភាព នឹងនរប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ការជំរុញដៃគូពាណិជ្ជកម្មទាំងអស់ឱ្យមានការអភិវឌ្ឍជាមួយគ្នានិងផ្តល់ផលប្រយោជន៍ដល់ សេដ្ឋកិច្ចសកលផងដែរ៕