(ម៉ូស្គូ)៖ ទាំងរុស្ស៊ី និងក្រុមសកម្មប្រយុទ្ធតាលីបង់ធ្លាប់បានព្រមានដាច់ដោយឡែកពីគ្នា កុំឱ្យបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីកណ្ដាលអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ដាក់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន នៅក្រោយពេលកងទ័ពអាមេរិកត្រូវបានដកចេញទាំងស្រុងពីអាហ្វហ្គានីស្ថាន។ ការព្រមានបែបនេះកើតមានឡើងបន្ទាប់ពី ក្រុមមន្ត្រីអាមេរិក និងក្រុមមន្ត្រីមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាលមួយចំនួនបានជួបពិភាក្សាគ្នាពីបញ្ហាអាហ្វហ្គានីស្ថានកាលពីពេលថ្មីៗកន្លងទៅនេះ។

មកទល់បច្ចុប្បន្ន កងទ័ពអាមេរិកត្រូវបានដកចេញពីអាហ្វហ្គានីស្ថានបានច្រើនជាង៩០ភាគរយ ហើយកាលពីថ្ងៃទី០៨ ខែកក្កដានេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសថាកងទ័ពអាមេរិកនឹងដកចេញទាំងស្រុងនៅមុនថ្ងៃទី៣១ ខែសីហាខាងមុខ ពោលគឺធ្វើយ៉ាងណាឱ្យបានមុនខួបលើកទី២០ នៃការវាយប្រហារភេរវកម្ម
ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ សហរដ្ឋអាមេរិកបានចាយពេលអស់ជាង ២០ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន តែចំណាយពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះដើម្បីដកកងទ័ព ចេញ។ ការប្រញាប់ប្រញាលដកទ័ពបែបនេះបានបង្កឱ្យមានការព្រួយបារម្ភថារដ្ឋាភិបាលទីក្រុងកាប៊ុល អាចនឹងត្រូវដួលរលំ ហើយអាហ្វហ្គានីស្ថាននឹងធ្លាក់ចូលទៅក្រោម ការគ្រប់គ្រងរបស់តាលីបង់សាជាថ្មី ក្រោយកងទ័ពអាមេរិកដកចេញទាំងស្រុង។

យ៉ាងណាក៏ដោយ រដ្ឋបាលលោក ចូ បៃដិនបានសន្យាថានឹងបន្តគាំទ្ររដ្ឋាភិបាលទីក្រុងកាប៊ុល ក្នុងការប្រយុទ្ធប្រឆាំងជាមួយក្រុមតាលីបង់។ ក៏ប៉ុន្តែការសន្យានេះមិនអាចធ្វើ ទៅរួចឡើយ បើសិនជាអាមេរិកគ្មានមូលដ្ឋានទ័ពណាមួយផ្សេងក្នុងប្រទេសក្បែរខាងរបស់អាហ្វហ្គានីស្ថាន ខណៈតំបន់អាស៊ីកណ្ដាលត្រូវបានក្រុមអ្នកជំនាញខ្លះយល់ថានឹង ក្លាយជាជម្រើសល្អរបស់យោធាអាមេរិក។

ពិតមែនទៅ សហរដ្ឋអាមេរិកក៏ធ្លាប់មានមូលដ្ឋានទ័ពនៅក្នុងតំបន់អាស៊ីកណ្ដាលដែរចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤។ តែចាប់តាំងពីពេលនោះមក អ្វីៗបានផ្លាស់ប្ដូរអស់ទៅ ហើយ ដោយសព្វថ្ងៃ អាមេរិកបានត្រឹមតែជាតួររាយរង រីឯរុស្ស៊ី និងចិនទើបជាតួឯកពិតប្រាកដនៅក្នុងតំបន់អាស៊ីកណ្ដាល។ វាមានហេតុផលជាច្រើនដែលធ្វើឱ្យអាមេរិក ធ្លាក់ខ្លួនកា្លយជាតួរាយរង ក្នុងនោះដោយសារតែក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ សហរដ្ឋអាមេរិកខ្លួនឯងផ្ដោតតែទៅលើការប្រជែងឥទ្ធិពលជាមួយចិននៅក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក។

អាហ្វហ្គានីស្ថានបានកា្លយជាបញ្ហាមួយដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន ត្រូវការសហការជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល។ តែការត្រឡប់មកវិញរបស់អាមេរិក ទំនងជានឹងមិនអាចកែប្រែអ្វីជាដុំកំភួនបានឡើយ។ អាហ្វហ្គានីស្ថានមានព្រំដែនជាប់ប្រទេសចំនួន៦ ដែលសុទ្ធសឹងតែមិនមែនជាសម្ព័ន្ធមិត្តជិតស្និទរបស់អាមេរិក ដូចជា អ៉ីរ៉ង់, ប៉ាគីស្ថាន, ចិន, តាហ្ស៊ីគីស្ថាន, អ៊ូសបេគីស្ថាន, និងតួកម៉េនីស្ថាន។ នៅក្នុងចំណោមប្រទេសទាំងនេះ គេមិនបាច់និយាយឡើយពីអ៉ីរ៉ង់, ចិន និងប៉ាគីស្ថានដែលជា សម្ព័ន្ធមិត្តរបស់ចិន។ ចំណែកឯ តួកម៉េនីស្ថាន រួមទាំងកាហ្សាក់ស្ថានដែលមានទំនាក់ទំនងស្និទជាមួយរុស្ស៊ី ក៏ត្រូវបានធីបចោលផងដែរ។ ដូច្នេះនៅសល់តែជម្រើសពីរ ប៉ុណ្ណោះដែលគេអាចយកពិចារណាបាន ទោះជាមានភាគរយតិចតួតបំផុតក៏ដោយ នោះគឺតាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថានដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថាមន្ទីរបញ្ចកោណកំពុងសម្លឹងមើលពីលទ្ធភាពអាចដាក់មូលដ្ឋានទ័ពក្នុងប្រទេសទាំង២នេះ។ ទោះជាមិនត្រូវបានគេលើកយកមកនិយាយជាសារធារណៈ តែកៀហ្ស៊ីស៊ីស្ថាន ក៏ជាបេក្ខភាពដ៏មានសក្តានុពលសម្រាប់មូលដ្ឋានទ័ពអាមេរិកដែរ។

*តាហ្ស៊ីគីស្ថាន

ពិតមែនទៅ វាពិតជាពិបាកស្រមៃណាស់ថាសហរដ្ឋអាមេរិកអាចដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន។ តាហ្ស៊ីគីស្ថានគឺជាសមាជិកនៃអង្គការសន្ធិសញ្ញាសន្តិសុខ ឬហៅកាត់ CSTO ដែលមានរុស្ស៊ីជាសមាជិកមួយដែរ។ មិនតែប៉ុណ្ណោះ តាហ្ស៊ីគីស្ថានក៏បានអនុញ្ញាតឱ្យរុស្ស៊ីដាក់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួនរួចទៅហើយ រីឯសេដ្ឋកិច្ច ជាតិវិញក៏ពឹងផ្អែកខ្លាំងលើរុស្ស៊ី ស្របពេលចិនជាម្ចាស់កម្ចីដ៏ធំរបស់ប្រទេសអាស៊ីកណ្ដាលមួយនេះ។ ដូចគ្នាទៅនឹងប្រទេសអាស៊ីកណ្ដាលដទៃ តាហ្ស៊ីគីស្ថានមិនមាន ទំនាក់ទំនងល្អខ្លាំងណាស់ណាជាមួយសហរដ្ឋអាមេរិកនោះទេ ដោយប្រធានាធិបតីបច្ចុប្បន្នលោក Emomali Rahmon គឺជាមេដឹកនាំក្នុងតំបន់តែម្នាក់គត់ដែលមិនដែល បំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។

តែទោះជាបែបនេះក្ដី អាមេរិកនៅតែអាចនិយាយគ្នាស្ដាប់បាន ម្ដងម្កាលជាមួយតាហ្ស៊ីគីស្ថានដែរ។ ជាឧទាហរណ៍ សហរដ្ឋអាមេរិកធ្លាប់ធ្វើកិច្ចសហការផ្នែកយោធាជាមួយ តាហ្ស៊ីគីស្ថាន ដោយក្រោយការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ យន្ដហោះរបស់កងទ័ពអាកាសអាមេរិកជាច្រើនត្រូវបានអនុញ្ញាតឱ្យចុះចាក់សាំ នៅឯ មូលដ្ឋានទ័ព Ayni ស្ថិតនៅក្បែររដ្ឋធានីឌូស្ហាន់បេ (Dushanbe) នៃប្រទេសតាហ្ស៊ីគីស្ថាន។ ម្យ៉ាងវិញទៀត សព្វថ្ងៃ កងកម្លាំងពិសេសតាហ្ស៊ីគីស្ថានកំពុងទទួលបានការ បណ្ដោះបណ្ដាលនៅសហរដ្ឋអាមេរិក ហើយកងកម្លាំងឆ្មាំការពារព្រំដែន ក៏កំពុងសិក្សានៅតាមអគាជាច្រើនដែលសាងសង់ឡើងក្រោមជំនួយរបស់អាមេរិក។

ក្នុងឆ្នាំ២០២១នេះ សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញបានបង្កើនការរឹតចំណងមិត្តភាពជាមួយរដ្ឋាភិបាលតាហ្ស៊ីគីស្ថានស្ដីពីបញ្ហាអាហ្វហ្គានីស្ថាន តាមរយៈការរៀបចំកិច្ចប្រជុំត្រីភាគីតាមប្រព័ន្ធអនឡាញកាលពីខែមីនា កន្លងទៅ។ ក្រោយមកទៀត រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីនខិនបានចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធ អនឡាញមួយផ្សេងទៀតជាមួយបណ្ដារដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ីកណ្ដាលដែលមានឈ្មោះថា កិច្ចប្រជុំ C5+1 ដោយផ្ដោតលើអាហ្វហ្គានីស្ថានដូចគ្នា។ រហូតដល់ ដើមខែឧសភាកន្លងទៅ ទើបតំណាងពិសេសអាមេរិកទទួលបន្ទុកកិច្ចការអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad បំពេញទស្សនកិច្ចមកកាន់តាហ្ស៊ីគីស្ថាន។

ក៏ប៉ុន្តែការវិវត្តចុងក្រោយនៃទំនាក់ទំនងរវាងអាមេរិក និងតាហ្ស៊ីគីស្ថាន បានដាស់រុស្ស៊ីឱ្យភ្ញាក់ព្រឺតដោយកាលពីចុងខែមេសាកន្លងទៅ លោក ពូទីន បានជួបសន្ទនាតាមទូរស័ព្ទភ្លាមៗជាមួយលោក Rahmon ដើម្បីពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយក្រោយកិច្ចពិភាក្សានេះលោក Rahmon បានក្លាយជាមេដឹកនាំបរទេសតែ ម្នាក់គត់ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្យុយាត្រាទិវាជ័យជម្នះ (Victory Day) ក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃទី០៩ ខែឧសភាកន្លងទៅ។ បច្ចុប្បន្នដោយសារតែលោក Rahmon កំពុងត្រៀមផ្ទេរអំណាចទៅឱ្យកូនប្រុសរបស់លោក និងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដោយសារ COVID-19 រួមទាំងការព្រួយបារម្ភពីអនាគតរបស់ អាហ្វហ្គានីស្ថាន ក្រោយអាមេរិកដកទ័ពចេញ របបដឹកនាំតាហ្ស៊ីគីស្ថានសព្វថ្ងៃត្រូវបានគេមើលឃើញថានឹងនៅតែត្រូវការការគាំទ្រពីរុស្ស៊ីជាចាំបាច់។

*កៀហ្ស៊ីស៊ីស្ថាន

ដូចគ្នានឹងតាហ្ស៊ីគីស្ថានដែរ កៀហ្ស៊ីស៊ីស្ថានពឹងផ្អែកខ្លាំងទៅលើចិន និងរុស្ស៊ី។ ការផ្ញើប្រាក់មកស្រុកកំណើតវិញពីពលករចំណាកស្រុកកៀហ្ស៊ីស៊ីស្ថាន នៅក្នុងប្រទេសរុស្ស៊ី មានទំហំស្មើនឹងជាងមួយភាគបី នៃផលិតផលសរុបក្នុងស្រុក GDP ហើយបំណុលដែលជំពាក់ចិនមានច្រើនជាងមួយភាគបួននៃ GDP។ កៀហ្ស៊ីស៊ីស្ថានក៏ជាសមាជិកមួយនៃ អង្គការ CSTO និងជាសមាជិកអង្គការសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (Eurasian Economic Union) ហើយថែមទាំងមានមូលដ្ឋានទ័ពរុស្ស៊ីនៅលើទឹកដីរបស់ខ្លួនទៀតផង។

បើត្រឡប់ទៅមើលអតីតកាល កៀហ្ស៊ីស៊ីស្ថានធ្លាប់ត្រូវបានគេទុកថាជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ីកណ្ដាល។ សហរដ្ឋអាមេរិកក៏ធ្លាប់មាន មូលដ្ឋានទ័ពនៅកៀហ្ស៊ីស៊ីស្ថានដែរចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤ បើទោះជាធ្លាប់មានបដិវត្តន៍ចំនួន២លើក និងមានការប៉ុនប៉ងបិទមូលដ្ឋានទ័ពនេះពីសំណាក់រុស្ស៊ី ម្ដងហើយម្ដងទៀតក៏ដោយ។ នៅឆ្នាំ២០១៣ ប្រធានាធិបតីលោក Almazbek Atambayev បានលុបចោលកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីតោនស្ដីពីការជួលមជ្ឈមណ្ឌល ឆ្លងកាត់មួយនៅឯអាកាសយានដ្ឋាន Manas។ ចាប់តាំងពីពេលនោះមកទំនាក់ទំនងរវាងអាមេរិក និងកៀហ្ស៊ីស៊ីស្ថានមិនមានភាពល្អប្រសើរឡើងវិញនោះទេ ហើយ
នៅឆ្នាំ២០១៥ លោក Atambayev បានបញ្ចប់កិច្ចព្រមព្រៀងសហការជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្ដល់មេដាយកិត្តិយសផ្នែកការពារសិទ្ធិមនុស្ស ដល់សកម្មជនម្នាក់ឈ្មោះ Azimjon Askarov ដែលបានទទួលមរណភាពក្នុងពន្ធនាគារកៀហ្ស៊ីស៊ីស្ថាន។

ដូច្នេះថ្វីបើមានភាគរយតិចតួច តែតាមពិតវាពិបាកនឹងទៅរួចណាស់ដែលសហរដ្ឋអាមេរិកអាចមានទំនាក់ទំនងយូរអង្វែងជាមួយកៀហ្ស៊ីស៊ីស្ថាន ពីព្រោះអ្នកនយោបាយកំពូលៗរបស់ប្រទេសមួយនេះជារឿយៗតែធ្វើរឿងដែលគេនឹកស្មានមិនដល់ ដូចជាការធ្វើរដ្ឋប្រហារជាដើម។ អស្ថិរភាពបែបនេះបង្កការលំបាកយ៉ាងខ្លាំងដល់អាមេរិក ក្នុងការធានាសុវត្ថិភាពកងទ័ពរបស់ខ្លួន បើទោះជាអាចបើកមូលដ្ឋានទ័ពនៅទីនេះក៏ដោយ។

*អ៊ូសបេគីស្ថាន

ផ្ទុយពីប្រទេសក្បែរខាងក្នុងតំបន់អាស៊ីកណ្ដាល អ៊ូសបេគីស្ថានត្រូវបានគេមើលឃើញមិនសូវពឹងផ្អែកលើរុស្ស៊ី និងចិនខ្លាំងពេកនោះទេ។ ប្រទេសមួយនេះមិនមែនជា សមាជិកអង្គការ CSTO ហើយសព្វថ្ងៃក៏មិនមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនដែរ។ ត្រឡប់ទៅកាលពីឆ្នាំ២០០១ អតីតប្រធានាធិបតីអ៊ូសបេគីស្ថាន លោក Islam Karimov បានយល់ព្រមជួលមូលដ្ឋានទ័ពអាកាស Karshi-Khanabad ឱ្យសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែនៅខែឧសភា ឆ្នាំ២០០៥ ពោលគឺបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ថ្កោលទោសយ៉ាងខ្លាំងចំពោះការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមបាតុករពីសំណាក់អាជ្ញាធរអ៊ូសបេគីស្ថានក្នុងទីក្រុង Andijan រដ្ឋាភិបាលអ៊ូសបេគីស្ថានបានប្រាប់ឱ្យ សហរដ្ឋអាមេរិកដកកងទ័ពរបស់ខ្លួនចេញពីប្រទេស។

ប៉ុន្តែចាប់តាំងពីលោក Shavkat Mirziyoyev ឡើងកាន់តំណែងជាប្រធានាធិបតីអ៊ូសបេគីស្ថានចាប់តាំងពីឆ្នាំ២០១៦មក ទំនាក់ទំនងយោធារវាងអាមេរិក និងអ៊ូសបេគីស្ថាន ហាក់ដូចជាមានពន្លឺឡើងវិញ។ នៅឆ្នាំ២០១៨ លោក Mirziyoyev បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ជាទីដែលលោកបានចុះហត្ថលេខាលើផែនការយោធា ដំបូងបំផុតមិនធ្លាប់មានជាមួយសហរដ្ឋអាមេរិក។ ចាប់តាំងពេលនោះមកដែរ ការធ្វើសមយុទ្ធយោធារវាងប្រទេសទាំង២ បានកើនឡើងជាលំដាប់ ហើយបច្ចុប្បន្ន ក្រុមមន្ត្រីអ៊ូសបេគីស្ថានជាច្រើននាក់ទទួលបានឱកាសឆ្លងកាត់ការបណ្ដោះបណ្ដាលនៅសហរដ្ឋអាមេរិក និងបណ្ដាប្រទេសជាសមាជិក NATO។

នៅឆ្នាំ២០១៨ អ៊ូសបេគីស្ថានបានផ្ដើមគំនិតរៀបចំកិច្ចចរចាស្វែងរកសន្តិភាព និងបញ្ចប់សង្រ្គាមក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឯរដ្ឋធានីតាស្កិន ដោយមានប្រទេសចំនួន និងអង្គការជាង២០ចូលរួម។ ដោយឡែក នៅក្នុងឆ្នាំ២០២១នេះ អ៊ូសបេគីស្ថានក៏កំពុងត្រៀមរៀបចំកិច្ចប្រជុំស្រដៀងគ្នានេះដែរស្របពេលសហរដ្ឋអាមេរិកបង្ហាញការស្វាគមន៍ជាខ្លាំងចំពោះការចូលរួមនេះ។ ជាក់ស្ដែងទីក្រុងវ៉ាស៊ីនតោនបានជំរុញលើកទឹកចិត្តឱ្យអ៊ូសបេគីស្ថានបង្កើនការចូលរួម តាមរយៈការរៀបចំកិច្ចប្រជុំត្រីភាគីមួយរវាងអាមេរិក អាហ្វហ្គានីស្ថាន និងអ៊ូសបេគីស្ថានកាលពីខែឧសភា ឆ្នាំ២០២០។

តែទោះជាបែបនេះក្ដី បើតាមអ្នកជំនាញ ការអនុញ្ញាតឱ្យអាមេរិកដាក់មូលដ្ឋានទ័ព អាចនឹងអូសឱ្យអ៊ូសបេគីស្ថានត្រូវប្រឈមមុខដោយផ្ទាល់ជាមួយចិន និងរុស្ស៊ី ដែលរឿង នេះឯង អ៊ូសបេគីស្ថានផ្ទាល់ចង់ចៀសបំផុត។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ ទោះបីជាសហរដ្ឋអាមេរិកអាចដាក់មូលដ្ឋានទ័ពនៅក្នុងប្រទេសអាស៊ីកណ្ដាលណាមួយក៏ដោយ ក៏វាទំនងជានឹងមិនអាចកែប្រែតុល្យភាព អំណាចនៅក្នុងតំបន់នេះបាននោះដែរ។ ដ្បិតវាមិនមានផលប្រយោជន៍ធំដុំដែលតម្រូវឱ្យទីក្រុងវ៉ាស៊ីនតោន ត្រូវរក្សាគោលនយោបាយរយៈពេលវែងចំពោះ តំបន់អាស៊ីកណ្ដាលទេ ហើយម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកខ្លួនឯងក៏ដឹងដែរថាការលូកដៃជ្រៅពេក អាចនឹងរុញឱ្យចិន និងរុស្ស៊ីរួមដៃគ្នា ឬកាន់តែស្អិតរមួតនឹងគ្នាកាន់តែ ខ្លាំងប៉ុណ្ណោះ ព្រោះសន្តិសុខផ្ទាល់ខ្លួននៃប្រទេសទាំង២នេះពឹងផ្អែកលើបណ្ដាប្រទេសអាស៊ីកណ្ដាល។

ទាំងចិន និងរុស្ស៊ីយល់ថាការដាក់មូលដ្ឋានទ័ពណាមួយនៅក្នុងតំបន់ គឺអាមេរិកមានបំណងប្រើប្រាស់ដើម្បីប្រឆាំងនឹងពួកគេតែម្ដង។ ទីក្រុងប៉េកាំងជឿជាក់ថាអាមេរិកមាន បំណងបង្កអស្ថិរភាពនៅក្នុងតំបន់ស៊ីនជាំង រីឯទីក្រុងម៉ូស្គូសង្ស័យថាសហរដ្ឋអាមេរិកនឹងបន្តបង្កភាពចលាចលនៅតាមតំបន់ព្រំដែនរបស់ខ្លួន។ រឹតតែសំខាន់ជាងនេះទៅទៀត នោះគឺបណ្ដាប្រទេសអាស៊ីកណ្ដាលទាំងបីខាងលើ ត្រូវបានគេមើលឃើញថាគ្មានប្រទេសណាមួយ ជាលក្ខណៈទ្រឹស្ដី យល់ព្រមឱ្យសហរដ្ឋអាមេរិកដាក់មូលដ្ឋានទ័ពនៅលើ ទឹកដីរបស់ខ្លួនឡើយ ដោយសារតែឥទ្ធិពលអាមេរិកនៅក្នុងតំបន់កំពុងថយចុះស្រាប់ ហើយពួកគេក៏មិនចង់ស្ថិតនៅចំកណ្ដាលនៃការប្រជែងដណ្ដើមឥទ្ធិពលគ្នារវាង មហាអំណាចនោះដែរ។ ដូច្នេះចង់ ឬមិនចង់ សហរដ្ឋអាមេរិកអាចនឹងរកដំណោះស្រាយផ្សេង ក្នុងនោះរួមមានការចល័តកងទ័ពមួយចំនួនបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ា ឬក៏ប្រើប្រាស់នាវាផ្ទុកយន្ដហោះចម្បាំងសម្រាប់ប្រតិបត្តិការល្បាត ឬក៏អាចធ្វើជាមូលដ្ឋានទ័ពតែម្ដង៕

ប្រភព៖ Carnegie Endowment for International Peace (ថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១)