(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីនៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥៦ករណី ក្នុងនោះមាន ៤១ករណី គឺជាករណីដែលជាប់ទាក់ទងទៅនឹងចង្កោមចម្លង នៅតាមក្លឹបកម្សាន្ត KTV ជាស្ថានភាពមួយដែលរដ្ឋមន្រ្តីសុខាភិបាលសិង្ហបុរី លោក អង យី ខង (Ong Ye Kung) បានថ្លែងថា «ពិតជាគួរឱ្យព្រួយបារម្ភ និងគួរឱ្យខកចិត្តយ៉ាងខ្លាំង»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។
នាពេលបច្ចុប្បន្ននេះ ករណីដែលជាប់ទាក់ទងទៅនឹងចង្កោមចម្លងនៅឯ KTV បានកើនឡើងដល់ ៥៣ករណី ហើយករណីដំបូងបង្អស់ ត្រូវបានគេរកឃើញនៅលើអ្នកដំណើរ ដែលបានឆ្លងកាត់រយៈពេលខ្លី មកពីប្រទេសវៀតណាម ដែលបានទៅកាន់គ្លីនិកព្យាបាលជំងឺទូទៅមួយកន្លែង កាលពីថ្ងៃទី១១ ខែកក្កដា ដោយមានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ។ ស្រ្តីរូបនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីធ្វើបានតេស្តវិជ្ជមានចំពោះជំងឺ COVID-19។
លោក ខេនណេត ម៉េក (Kenneth Mak) នាយកផ្នែកសេវាកម្មសុខាភិបាល នៃក្រសួងសុខាភិបាលសិង្ហបុរី (MOH) បាននិយាយថា អាជ្ញាធរបានចាប់ផ្តើមតាមដាន និងស៊ើបអង្កេត ហើយបានរកឃើញថា ស្ត្រីរូបនោះបានទៅកាន់ KTV ជាច្រើនកន្លែង។ ជុំវិញបញ្ហានេះ លោក Kenneth Mak បានអំពាវនាវឱ្យប្រជាជន ដែលបានទៅលេងកម្សាន្តនៅ KTV ទាំងនោះកាលពី ១៤ថ្ងៃមុន ឬចាប់ពីថ្ងៃទី២៩ ខែមិថុនា គួរតែចេញមកដើម្បីធ្វើតេស្តរកជំងឺ COVID-19 នេះ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសសិង្ហបុរីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៦២,៨០៤ករណី ក្នុងនោះមានអ្នកស្លាប់ ៣៦នាក់ និងអ្នកជាសះស្បើយ ៦២,៤៥៣នាក់៕