(រ៉ូម)៖ នៅទីបំផុតសម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope) នៃបុរីវ៉ាទីកង់ បានយាងចេញពីមន្ទីរពេទ្យហើយ ក្រោយរយៈពេល ១០ថ្ងៃ ដែលទ្រង់បានទទួលការវះកាត់ផ្នែកពោះរៀនធំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នាល្ងាចថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។
អ្នកតាមដានសកម្មភាពទ្រង់ផ្ទាល់បានអះអាងថា សម្តេច Pope ដែលមានជន្មាយុ ៨៤ព្រះវស្សា បានយាងចេញពីមន្ទីរពេទ្យ ជែមែលលី (Gemelli) នៃទីក្រុងរ៉ូម កាលពីព្រឹកថ្ងៃពុធនេះ។ សម្តេច Pope បានទទួលការវះកាត់ផ្នែកពោះរៀនធំ កាលពីថ្ងៃទី១៤ ខែកក្កដា ហើយនេះគឺជាការវះកាត់សំខាន់បំផុតមួយ គិតចាប់តាំងពីទ្រង់បានក្លាយជា សម្តេច Pope នៃបុរីវ៉ាទីកង់កាលពីឆ្នាំ២០១៣។
គួរបញ្ជាក់តាមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Gemelli ឲ្យដឹងថា សម្តេច Pope ត្រូវការពេលប៉ុន្មានសប្តាហ៍ទៀត ទើបទ្រង់អាចមានអការៈប្រសើរឡើងវិញ។ សម្រាប់គម្រោងបំពេញទស្សននិច្ចរបស់សម្តេច Pope ទៅកាន់ប្រទេស ហុងគ្រី និងស្លូវ៉ាក នៅអំឡុងខែកញ្ញា និងទៅកាន់ប្រទេសស្កុតលែននៅខែវិច្ឆិកា ខាងមុខនេះ គឺកំពុងស្ថិតនៅក្នុងការតាមដាននៅឡើយ ដោយអាស្រ័យទៅលើស្ថានភាពសុខភាពរបស់ព្រះអង្គ៕