(បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៩,៣១៧ករណីបន្ថែម ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
CCSA បានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៩,១៨៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១២៩ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ៨៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈអ្នកជាសះស្បើយចំនួន ៥,១២៩នាក់ទៀតទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៦៣,០២៩ករណី ក្នុងនោះមានអ្នកស្លាប់ ២,៨៤៧នាក់ និងអ្នកជាសះស្បើយ ២៦០,៥៨៤នាក់។ សម្រាប់ការចាក់វ៉ាក់សាំងវិញ គឺថៃសម្រេចបាន១៣.២៣លានដូស៕