(ណៃពិដោ)៖ សហរដ្ឋអាមេរិកបានបង្ហាញក្តីបារម្ភយ៉ាងជ្រាលជ្រៅ អំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារកាលពីខែកុម្ភៈ និងកំពុងទទូចឲ្យអាស៊ានធ្វើសកម្មភាព ដើម្បីដោះស្រាយបញ្ហានេះឲ្យបានឆាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគិន បានអំពាវនាវឲ្យអាស៊ានធ្វើសកម្មភាពរួមគ្នា ដើម្បីឈានទៅការបិទបញ្ចប់អំពើហិង្សា, ការស្តារឡើងវិញនូវការធ្វើអន្តរកាលលទ្ធិប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ព្រមទាំងការដោះលែងជនទាំងឡាយ ដែលត្រូវបានចាប់ឃុំខ្លួន ដោយអយុត្តិធម៌។ លោកប្រមុខការទូតសហរដ្ឋអាមេរិក ក៏បានជំរុញឲ្យអាស៊ានពន្លឿនការអនុវត្ត ផែនការមូលមតិគ្នា៥ចំណុច សម្រាប់បញ្ហាមីយ៉ាន់ម៉ា ដែលសម្រេចបានកំលុងកិច្ចប្រជុំកំពូលពិសេសរវាងសមាជិកអាស៊ាន កាលពីខែមេសាកន្លងទៅផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃពុធនេះ លោក ប្លីងគិន និងបណ្តារដ្ឋមន្រ្តីការបរទេស មកពីប្រទេសជាសមាជិកអាស៊ាន បានជួបពិភាក្សាគ្នាក្នុងសន្និសីទមួយ តាមប្រព័ន្ធវីដេអូអនឡាញ។ វាគឺជាជំនួបលើកដំបូងរវាងរដ្ឋមន្រ្តីការបរទេសរបស់ភាគីទាំងពីរ គិតចាប់តាំងតែពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឡើងកាន់អំណាចកាលពីខែមករា ដើមឆ្នាំនេះ៕