(បរទេស)៖ អាមេរិកបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ សរុបលើសពី ៣៣លាននាក់ និងករណីស្លាប់លើសពី ៦សែន៧ពាន់នាក់ នេះជាទិន្នន័យថ្មីបំផុតអំពីការរីករាលដាល នៃជំងឺឆ្លងនៅប្រទេសអាមេរិក គិតមកទល់ថ្ងៃទី១២ ខែកក្កដា តាមម៉ោងក្នុងតំបន់។ ប៉ុន្តែ ក្នុងតារាងចំណាត់ថ្នាក់ថ្មីបំផុត ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg អាមេរិកបានជាប់ចំណាត់ថ្នាក់ទីមួយនៅលើពិភពលោក។ រីឯប្រទេស និងតំបន់ ដូចជាប្រទេសចិនជាដើម ដែលត្រូវសហគមន៍អន្តរជាតិទទួលស្គាល់ជាទូទៅថា បានធ្វើការងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងដ៏ល្អប្រសើរវិញ បែរជាមិនបានទទួលលេខរៀងដ៏យុត្តិធម៌នោះទេ ។
ហេតុអ្វីបានជាប្រទេសដែលទទួលបរាជ័យដ៏ធ្ងន់ធ្ងរបំផុត នៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ស្រាប់តែក្លាយទៅជា “ប្រទេសនៅចំណាត់ថ្នាក់ទីមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង”? តារាងចំណាត់ថ្នាក់ដ៏ចម្លែក ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg មិនគិតពិចារណាពីការពិតជាក់ស្តែង និងនិយាយប្រែសជាខ្មៅ ដែលធ្វើឱ្យមនុស្សមិនយល់។
អាចមើលឃើញថា ដើម្បីធ្វើឱ្យអាមេរិកទទួលបានលទ្ធផល ដែលជាប់ចំណាត់ថ្នាក់ទីមួយ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានខិតខំប្រឹងប្រែងបន្សាបកត្តាជាគន្លឹះ សម្រាប់តារាងចំណាត់ថ្នាក់ ដូចជាចំនួនករណីឆ្លង និងករណីស្លាប់ជាដើម ព្រមទាំងបានចាត់ទុកការអនុវត្តវិធានការបិទខ្ទប់ និងគោលនយោបាយបង្ការ និងគ្រប់គ្រងជំងឺឆ្លងនៅច្រកចេញចូលដែន ជាកត្តាអវិជ្ជមាន។ ក្រៅពីនេះ វាក៏មិនបានគិតពិចារណាពីកត្តាដូចជា ការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលជាដើម ដូច្នេះអ្វីដែលហៅថា តារាងចំណាត់ថ្នាក់នេះគ្មានភាពយុត្តិធម៌ទាល់តែសោះ ហើយក៏គ្មានតម្លៃផ្នែកវិទ្យាសាស្ត្រផងដែរ។
ប៉ុន្តែឆ្លងតាមរយៈទិន្នន័យមួយចំនួន ដែលទីភ្នាក់ងារសារព័ត៌មាន Bloomberg បានប្រកាសលើកនេះ អ្នកផងទាំងពួងអាចមានចំណាប់អារម្មណ៍ថា បច្ចុប្បន្នការរីករាលដាលនៃជំងឺកូវីដ១៩ នៅអាមេរិកមានសភាពតានតឹងយ៉ាងខ្លាំង។ ឧទាហរណ៍ដូចជា ក្នុងវដ្តនៃការធ្វើស្ថិតិលើកនេះនៅអាមេរិក អត្រាស្លាប់ដោយសារជំងឺកូវីដ១៩ បានឡើងដល់ ២.៦ភាគរយ រាល់មនុស្ស ១លាននាក់ មានអ្នកស្លាប់ ១៨២៤នាក់ អត្រារកឃើញវិជ្ជមានក្នុងការធ្វើតេស្តគឺ ២.៤ភាគរយ ។ ទិន្នន័យទាំងនេះមានកម្រិតខ្ពស់បង្គួរ ក្នុងចំណោមប្រទេសនិងតំបន់ចំនួន ៥៣ ក្នុងតារាងវាយតម្លៃ។
ថៅកែនៃទីភ្នាក់ងារសារព័ត៌មាន Bloomberg ជាសមាជិកបក្សប្រជាធិបតេយ្យ រីឯគណបក្សដែលកំពុងកាន់អំណាចក្នុងសេតវិមាន បច្ចុប្បន្នគឺបក្សប្រជាធិបតេយ្យហ្នឹងឯង។ មនុស្សដែលយកចិត្តទុកដាក់ លើស្ថានការណ៍បច្ចុប្បន្នអាចរកឃើញថា ការដាក់ចេញតារាងចំណាត់ថ្នាក់ច្បាប់នេះ ចំពេលមុនថ្ងៃបុណ្យឯករាជ្យរបស់អាមេរិក។ ដូចនេះ វិទ្យុផ្សាយសម្លេងអន្តរជាតិបារាំងបានធ្វើអត្ថាធិប្បាយថា សេតវិមានហាក់ដូចជាប្រកាសពីការយកឈ្នះ លើការរីករាលដាលនៃជំងឺឆ្លង តាមរយៈតារាងចំណាត់ថ្នាក់នេះ។ ការធ្វើបែបនេះ មិនត្រឹមតែអាចបំពេញតាមតម្រូវការ របស់អ្នកនយោបាយអាមេរិកក្នុងការឃោសនាបំប៉ោងស្នាដៃ លើវិស័យនយោបាយរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏អាចស្តារកេរ្តិ៍ឈ្មោះដ៏អាក្រក់របស់ខ្លួន ដែលត្រូវបង្ខូចដោយសារអសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងទៀតផង។
យ៉ាងណាមិញ និយាយចំពោះអាមេរិក រឿងកំប្លែងខាងនយោបាយ ដែលគួរឱ្យងស់សំណើច គឺមានគ្រោះថ្នាក់ណាស់។ អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានអាមេរិក ដែលបាននិងកំពុងងប់ចិត្តនឹងទិន្នន័យស្រមើស្រមៃស្តីពី “ខ្លួនជាប់ចំណាត់ថ្នាក់ទីមួយលើពិភពលោក” គួរតែភ្ញាក់ឡើងក្នុងពេលឆាប់ៗ និងធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយវិទ្យាសាស្ត្រនិងប្រាកដប្រជា ក្នុងន័យធ្វើការងារពិតជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋប្រទេសខ្លួន និងប្រទេសដែលត្រូវការជំនួយ។ បើពុំនោះសោត អ្វីដែលហៅថា “នៅចំណាត់ថ្នាក់ទីមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកល” នឹងបង្កជាអាម៉ាស់មុខរបស់អាមេរិកថ្មីម្តងទៀត៕