(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីអ៉ីស្រាអែលម្នាក់បាននិយាយថា ប្រទេសអ៉ីស្រាអែលចង់ឱ្យជំនួយបរទេសនានា ទៅកាន់តំបន់ហ្គាហ្សា (Gaza) ត្រូវធ្វើឡើងតាមប្រព័ន្ធគ្រប់គ្រងមួយ ឬហៅ voucher system ដើម្បីរារាំងកុំឱ្យជំនួយទាំងឡាយត្រូវក្រុមហាម៉ាស (Hamas) យកទៅប្រើប្រាស់ដើម្បីពង្រីកឃ្លាំងអាវុធរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
ការកត់សម្គាល់ខាងលើរបស់រដ្ឋមន្ត្រីសន្តិសុខផ្ទៃក្នុងអ៉ីស្រាអែល លោក អូមើរ បាឡេវ (Omer Barlev) ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយ វិទ្យុកងទ័ពអ៉ីស្រាអែលនៅថ្ងៃអង្គារនេះ។ លោក Omer Barlev បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នាយករដ្ឋមន្ត្រីអ៉ីស្រាអែលថ្មី លោក ណាហ្វថាលី ប៊ែនណែត (Naftali Bennett) ចង់ធ្វើការកែប្រែគោលនយោបាយមួយ ដើម្បីធានាឱ្យបានថា រាល់ជំនួយទាំងអស់ទៅកាន់តំបន់ហ្គាហ្សា ត្រូវធ្វើឡើងតាមរយៈប្រព័ន្ធ voucher system ដែលនឹងត្រួតពិនិត្យយ៉ាងហ្មត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុ កុំឱ្យធ្លាក់ចូលដៃក្រុមហាម៉ាស់ ដែលអាចយកទៅប្រើប្រាស់ ក្នុងការផលិតអាវុធប្រឆាំងនឹងអ៉ីស្រាអែល»។
គួរបញ្ជាក់ថា ក្រោយការបញ្ចប់សង្រ្គាមរយៈពេល ១១ថ្ងៃ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាសកាលពីខែឧសភាកន្លងទៅ ទីភ្នាក់ងារមនុស្សធម៌ជាច្រើនបានអះអាងថា ការកសាង ឬកែលម្អតំបន់ហ្គាហ្សាឡើងវិញ អាចនឹងត្រូវចំណាយប្រាក់យ៉ាងហោច ៥០០លានដុល្លារ។ ប្រការនេះត្រូវបានភាគីអ៊ីស្រាអែលសម្តែងក្តីព្រួយបារម្ភ និងរិះរកវិធីដោះស្រាយការព្រួយបារម្ភរបស់ខ្លួន ដូចខាងលើនេះតែម្តង៕