(បាកដាដ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៦៤នាក់ហើយ និងមួយចំនួនទៀតរងរបួសនៅក្នុងគ្រោះអគ្គិភ័យ ឆាបឆេះមន្ទីរពេទ្យផ្ទុកអ្នកជំងឺ COVID-19 និងអ្នកធ្វើចត្តាឡីស័ក ស្ថិតក្នុងទីក្រុង ណាស្ស៊ីរីយ៉ា (Nassiriya) ភាគខាងត្បូងប្រទេសអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
គ្រោះអគ្គិភ័យដែលត្រូវបានបង្កឡើងដោយ ការផ្ទុះធុងស្តុកអុកស៊ីសែនខាងលើនេះ គឺជាលើកលើកទី ២ ហើយនៅក្នុងប្រទេសអ៊ីរ៉ាក់ គិតក្នុងអំឡុងពេល៣ខែមកនេះ។ មន្ទីរពេទ្យដែលត្រូវបានឆាបឆេះនេះមានឈ្មោះថា អាល់-ហ៊ូស្សេន (Al-Hussein) ហើយក្រោយផ្ទុះហេតុការណ៍នេះកាលពីយប់ថ្ងៃចន្ទ ក្រុមពន្លត់អគ្គិភ័យបានទៅដល់ និងគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅប៉ុន្មានម៉ោងបន្ទាប់។
អាជ្ញាធរទីក្រុង Nassiriya បានប្រកាសថា មនុស្សស្លាប់បានកើនឡើងដល់ ៦៤នាក់ ក្នុងនោះ ៣៩នាក់ត្រូវបានកំណត់អត្តសញ្ញាណ និងប្រគល់ជូនក្រុមគ្រួសារពួកគេរួចហើយ។ ដោយឡែកយុវជនមួយក្រុម ក៏បានធ្វើបាតុកម្មនៅក្បែរកន្លែងកើតហេតុផងដែរ ដើម្បីទាមទាររកអ្នកទទួលខុសត្រូវ ចំពោះគ្រោះអគ្គិភ័យនេះ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក មូស្តាហ្វា អាល់ ខាឌីមី ( Mustafa al-Kadhimi) បានកោះប្រជុំភ្លាមៗនៅក្រោយពេលកើតហេតុ ដោយលោកបានបញ្ជាឲ្យអាជ្ញាធរ ចាប់ឃុំខ្លួនអ្នកពាក់ព័ន្ធ និងអ្នកគ្រប់គ្រងសន្តិសុខនៃមន្ទីរពេទ្យខាងលើនេះ ជាបណ្តោះអាសន្ន៕