(សេអ៊ូល)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារនេះបានឲ្យដឹងថា កូរ៉េខាងជើងបានធ្វើតេស្តរកជំងឺ COVID-19 លើមនុស្សសរុបច្រើនជាង ៣២,០០០នាក់ ហើយមិនឃើញមាននរណាម្នាក់ឆ្លងឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Yonhap នៅរសៀលថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
យោងតាមរបាយការណ៍ប្រចាំសប្តាហ៍ស្តីពី COVID-19 របស់អង្គការ WHO ប្រជាជនកូរ៉េខាងជើង ៧១៨នាក់ ត្រូវបានធ្វើតេស្តរក COVID-19 កាលពីចន្លោះថ្ងៃទី២៥ ខែមិថុនា-ថ្ងៃទី០១ ខែកក្កដា នាំឲ្យចំនួនសរុបនៃប្រជាជនកូរ៉េខាងជើង ដែលបានធ្វើតេស្តគិតមកទល់ពេលនេះកើនដល់ ៣២,៥១២នាក់ ប៉ុន្តែពុំមាននរណាម្នាក់ត្រូវបានរកឃើញថា ឆ្លងជំងឺនេះឡើយ។
របាយការណ៍ដដែលបានបន្ថែមថា ក្នុងចំណោមប្រជាជនដែលទើបធ្វើតេស្តថ្មីៗ ១២៧នាក់មានចេញរោគសញ្ញាសង្ស័យផងដែរ តែតាមពិតគឺមានជំងឺគ្រុនផ្តាសាយ ឬជំងឺផ្លូវដង្ហើមផ្សេងទៅវិញទេ។ ចាប់ពីតាំងពីជំងឺ COVID-19 បានលេចឡើងនៅលើពិភពលោក កូរ៉េខាងជើងបានអះអាងជាច្រើនលើកថា ប្រទេសខ្លួនគ្មានអ្នកឆ្លងជំងឺនេះឡើយ ប៉ុន្តែទន្ទឹមគ្នាបានចាត់វិធានការរឹងមាំ និងយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ ដូចជាការគ្រប់គ្រងចរាចរណ៍ប្រជាជន យ៉ាងតឹងរ៉ឹងនៅតាមព្រំដែន។
គួរបញ្ជាក់ថា កូរ៉េខាងជើងរំពឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រមាណ ២លានដូស តាមរយៈកម្មវិធីអន្តរជាតិ COVAX ប៉ុន្តែវ៉ាក់សាំងទាំងនេះមិនទាន់បានទៅដល់នៅឡើយទេ។ កាលពីពេលថ្មីៗនេះ កូរ៉េខាងជើងក៏ទើបតែអះអាងផងដែរថា ខ្លួននឹងមិនទទួលយកវ៉ាក់សាំង AstraZeneca បរិច្ចាគដោយ COVAX នោះឡើយ ដោយសារព្រួយបារម្ភពីសុវត្ថិភាព ហើយតាមសេចក្តីរាយការណ៍ មិនផ្លូវការមួយបានបញ្ជាក់ថា កូរ៉េខាងជើងកំពុងទាក់ទងរុស្ស៊ី ដើម្បីសុំជំនួយជាវ៉ាក់សាំង៕