(បាងកក)៖ រដ្ឋាភិបាលថៃបានសម្រេចចិត្តអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 មានរោគសញ្ញាស្រាលធ្វើចត្តាឡីស័កព្យាបាលនៅឯផ្ទះ និងអាចធ្វើតេស្ដដោយខ្លួនឯងជាមួយ ឧបករណ៍ធ្វើតេស្ដរហ័ស ប្រឈមមុខនឹងការកើនឡើងករណីឆ្លងយ៉ាងគំហុគ ដែលកំពុងធ្វើឱ្យមន្ទីរពេទ្យជាច្រើន ជាពិសេសក្នុងទីក្រុងបាងកក ខ្វះខាតគ្រែសម្រាប់ អ្នកជំងឺ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
មកទល់នឹងពេលបច្ចុប្បន្ន អាជ្ញាធរថៃបានប្រើប្រាស់ការធ្វើតេស្ដ RT-PCR ដើម្បីរក COVID-19។ ប៉ុន្តែដោយសារចំនួនប្រជាជនមកធ្វើតេស្ដមានការកើនឡើងខ្លាំង នៅតាមមណ្ឌល ឬកន្លែងធ្វើតេស្ដនានាក្នុងទីក្រុងបាងកក បានជំរុញឱ្យពួកគេប្ដូរចិត្តអនុញ្ញាតឱ្យប្រជាជនទិញឧបករណ៍ធ្វើតេស្ដរហ័សដើម្បីតេស្ដរក COVID-19 ដោយខ្លួនឯងនៅផ្ទះ។
បើតាមសេចក្ដីណែនាំរបស់អាជ្ញាធរថៃ ឧបករណ៍ធ្វើតេស្ដរហ័សនឹងត្រូវដាក់លក់លើទីផ្សារនៅសប្ដាហ៍ក្រោយ ក្នុងតម្លៃ ១០០បាត ឬស្មើនឹង ៣.០៦ដុល្លារក្នុងមួយដើម។ បន្ថែមពីលើនេះអាជ្ញាធរថៃក៏បានអនុញ្ញាតឱ្យអ្នកជំងឺ COVID-19 ដែលមានរោគសញ្ញាស្រាលអាចធ្វើចត្តាឡីស័កដោយខ្លួនឯង និងព្យាបាលនៅឯផ្ទះទៀតផង៕