(ឡាហាវ៉ាន់)៖ ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស-ខានែល (Miguel Diaz-Canel) នៅថ្ងៃចន្ទសប្តាហ៍នេះ បានចោទសហរដ្ឋអាមេរិក ពីការព្យាយាមដុតបញ្ឆេះបាតុកម្មនៅលើប្រទេសដីកោះនេះ ខណៈអំពើហិង្សាបានផ្ទុះឡើង នៅតាមទីក្រុងមួយចំនួន កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
លោក ឌីអាស-ខានែល បានធ្វើការចោទប្រកាន់បែបនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបង្ហាញគោលជំហរគាំទ្រចំពោះ ប្រជាជនគុយបារាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាធ្វើបាតុកម្មតវ៉ាក្នុងទ្រង់ទ្រាយធំ នៅតាមទីក្រុងមួយចំនួន ចាប់តាំងពីរដ្ឋធានីឡាហាវ៉ាន់ រហូតដល់ទីក្រុងសាន់តេអេហ្គោ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ហើយអំពើហិង្សាក៏បានផ្ទុះឡើងថែមទៀតផង។ សម្រាប់នៅថ្ងៃចន្ទសប្តាហ៍នេះ ស្ថានភាពហាក់បានស្ងប់ស្ងាត់ទៅវិញ ប៉ុន្តែប៉ូលិសត្រូវបានដាក់ពង្រាយ នៅតាមអគាររដ្ឋាភិបាល។
គួរបញ្ជាក់ថា ក្រុមបាតុករបានសម្តែងការតវ៉ាចំពោះ វិបត្តិសេដ្ឋកិច្ចដ៏ដុនដាបរបស់គុយបា បូករួមជាមួយបញ្ហាឆ្លងរាលដាលនៃជំងឺ COVID-19។ លោក ប្រធានាធិបតីគុយបា បាននិយាយថា វិបត្តិជាច្រើនដែលប្រទេសលោកកំពុងប្រឈម គឺបង្កឡើងដោយសារតែទណ្ឌកម្មរបស់អាមេរិក ដែលឥឡូវកំពុងព្យាយាមបំផុសឲ្យមានភាពចលាចលកាន់តែខ្លាំង នៅគុយបាថែមទៀត៕