(វ៉ាស៊ីនតោន)៖ ពលរដ្ឋអាមេរិកដើមកំណើតហៃទីម្នាក់ ក្នុងចំណោម ២នាក់ដែលត្រូវបានឃាត់ខ្លួនពីបទសង្ស័យថាបានចូលរួមក្នុងផែនការធ្វើឃាត ប្រធានាធិបតីហៃទីលោក Jovenel Moise កាលពីសប្ដាហ៍មុន គឺជាអតីតគិញសម្ងាត់របស់ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា DEA។ នេះបើតាមមន្ត្រី DEA ម្នាក់ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
ប៉ូលិសហៃទីកាលពីសប្ដាហ៍មុន បានឃាត់ខ្លួនបុរសជាពលរដ្ឋអាមេរិកដើមកំណើតហៃទី២នាក់ ម្នាក់មានឈ្មោះ Joseph Vincent អាយុ៥៥ឆ្នាំ និង James Solages មានអាយុ ៣៥ឆ្នាំ ហើយបានចោទប្រកាន់ពួកគេថាបានចូលរួមជាមួយជនជាតិកូឡុំប៊ី ២៦នាក់ផ្សេងទៀតដើម្បីធ្វើឃាតលោកប្រធានាធិបតី Jovenel Moise នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋធានីព័រអូប្រាំង។
មន្ត្រី DEA ខាងលើក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះមិនបានបញ្ជាក់ថាតើពលរដ្ឋអាមេរិកដើមកំណើតហៃទីទាំង២នាក់ មួយណាជាគិញសម្ងាត់របស់ DEA នោះទេ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថាជនសង្ស័យមួយចំនួនទៀតក៏មានទំនាក់ទំនង និងជាគិញសម្ងាត់របស់ FBI ផងដែរ។ ទីភ្នាក់ងារ DEA បានអះអាងថា គ្មានឃាតកណាម្នាក់ បាន ឬកំពុងធ្វើប្រតិបត្តិការក្នុងនាមជា DEA ឡើយ រីឯ FBI បានបដិសេធធ្វើអត្ថាធិប្បាយលើគិញសម្ងាត់ ដោយគ្រាន់តែថាខ្លួនធ្វើការ និងប្រមូលព័ត៌មានសម្ងាត់នានាដោយស្របច្បាប់ ក្រោមក្របខណ្ឌនៃការស៊ើបអង្កេតតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ពលរដ្ឋអាមេរិកដើមកំណើតហៃទីម្នាក់បន្ថែមទៀត ឈ្មោះ Christian Emmanuel Sanon ត្រូវបានប៉ូលិសហៃទី ចាប់ខ្លួន និងបានចោទប្រកាន់រូបគេថាជាមេគំនិតរៀបចំផែនការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise។
បើតាមប៉ូលិសហៃទី ជនសង្ស័យរូបនេះបានជ្រើសរើសសមាជិកក្រុមឃាតកចំនួន ២៦នាក់ តាមរយៈក្រុមហ៊ុនសន្តិសុខវេណេស៊ុយអេឡាមួយឈ្មោះ CTU មានមូលដ្ឋានៅរដ្ឋផ្លររីដា សហរដ្ឋអាមេរិកព្រមទាំងបានទំនាក់ទំនងជាមួយមនុស្ស ២នាក់ផ្សេងទៀតដែលគេជឿជាក់ថាសុទ្ធតែជាមេគំនិតរៀបចំផែនការសម្លាប់លោក Moise។ ប៉ុន្តែមិនមានការបញ្ជាក់អត្តសញ្ញាណជនសង្ស័យទាំង២នាក់នេះនោះទេ៕