(កាប៊ុល)៖ នៅទីបំផុតមេបញ្ជាយោធាអាមេរិក ប្រចាំនៅអាហ្វហ្គានីស្ថាន លោកឧត្តមសេនីយ៍ អូស្ទីន មីល្លឺ (Austin Miller) បានចូលរួមពិធីលាគ្នា និងចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលវាជាសញ្ញាបង្ហាញថា ប្រតិបត្តិការយោធាអាមេរិកនៅទីនេះ ជិតឈានដល់ទីបញ្ចប់មែនទែនហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
លោក Austin Miller គឺជាឧត្តមសេនីយ៍អាមេរិកថ្នាក់ផ្កាយ ៤ ចុងក្រោយ ដែលបានចាត់ចែងប្រតិបត្តិការយោធា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយលោកបានសម្រេចចិត្តចេញចាកចេញពីតួនាទី នៅមុនប៉ុន្មានសប្តាហ៍ ដែលសហរដ្ឋអាមេរិកត្រូវបិទបញ្ចប់ប្រតិបត្តិការយោធា នៅអាហ្វហ្គានីស្ថានជាផ្លូវការនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ ទោះជាយ៉ាងនេះក្តី កាលពីសប្តាហ៍មុនសហរដ្ឋអាមេរិកបានប្រកាសថា កងទ័ពខ្លួនរហូតដល់ទៅជាង ៩០% ត្រូវបានដកចេញពីអាហ្វហ្គានីស្ថានរួចទៅហើយ។
នៅក្នុងពិធីលាគ្នា ដែលត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីកាប៊ុល លោក Austin Miller បានសន្យាថា លោកនឹងចងចាំនូវរាល់ការលះបង់ជីវិតក្នុងសង្គ្រាម ហើយក៏បានអំពាវនាវដល់ក្រុមតាលីបង់ ឲ្យបញ្ឈប់ការបង្កអំពើហិង្សាផងដែរ។ លោក Austin Miller បានថ្លែងបែបនេះថា «អ្វីដែលខ្ញុំចង់ប្រាប់ក្រុមតាលីបង់ពេលនេះ គឺពួកគេក៏ត្រូវមានការទទួលខុសត្រូវដែរ... នោះគឺចំពោះអំពើហិង្សា ដែលប្រឆាំងនឹងឆន្ទៈរបស់ប្រជាជនអាហ្វហ្គានីស្ថាន ហើយពួកគេត្រូវតែបញ្ឈប់វា»។
គួរបញ្ជាក់ថា ខណៈការចាកចេញរបស់ មេបញ្ជាការយោធាអាមេរិកពេលនេះ បានបង្ហាញសញ្ញាយ៉ាងច្បាស់អំពី ការបិទបញ្ចប់ប្រតិបត្តិការយោធា នៅអាហ្វហ្គានីស្ថាននោះ គេនៅមិនទាន់ដឹងច្បាស់ថា តើការគាំទ្ររបស់ប្រទេសលោកខាងលិច ចំពោះរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងនៅតែបន្ត ឬមួយក៏យ៉ាងណាឡើយ។
យ៉ាងណាក៏ដោយ លោកឧត្តមនាវី ខេនណេត ម៉ាខេនហ្ស៊ី (Kenneth McKenzie) អគ្គេមេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក ដើម្បីត្រួតពិនិត្យតំបន់សង្គ្រាមក្តៅគគុក ដូចជានៅអាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់ និងស៊ីរីជាដើម បានធ្វើដំណើរទៅកាន់ទីក្រុងកាប៊ុលហើយ ដើម្បីផ្តល់ជំនួយដល់កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។ លោក Kenneth McKenzie បានថ្លែងថា អាហ្វហ្គានីស្ថានអាចនៅបន្តពឹងផ្អែក លើការគាំទ្ររបស់យើងនៅថ្ងៃដ៏គ្រោះថ្នាក់ និងលំបាកខាងមុខ ហើយយើងនឹងនៅជាមួយអាហ្វហ្គានីស្ថាន៕