(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) បាននិយាយថាបណ្ដាប្រទេសអ្នកមានទាំងអស់មិនគួរបញ្ជាទិញវ៉ាក់សាំង COVID-19 សម្រាប់ការចាក់ដូសទី៣ ជូនប្រជាជនរបស់ខ្លួនឡើយ ខណៈបណ្ដាប្រទេសដទៃនៅតែមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែកក្កដា ឆ្នាំ២០២១។
អគ្គនាយកអង្គការ WHO លោក Tedros ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ និងចំពេលបណ្ដាប្រទេសជាច្រើនកំពុងពិចារណាលើ ចាក់វ៉ាក់សាំងដូសទី៣។ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា៖ «បណ្ដាប្រទេសមួយចំនួននាពេលបច្ចុប្បន្នកំពុងបញ្ជាទិញវ៉ាក់សាំងរាប់លានដូសសម្រាប់ការចាក់ដូសទី៣ នៅក្នុងបរិបទដែលបណ្ដាប្រទេសដទៃមិនទាន់មានវ៉ាក់សាំង COVID-19 គ្រប់គ្រាន់ចាក់ជូនបុគ្គលិកសុខាភិបាល និងប្រជាជនងាយរងគ្រោះបំផុតរបស់ពួកគេនៅឡើយ»។
លោកបន្ថែមថាជំនួសឱ្យការបញ្ជាទិញវ៉ាក់សាំងដូសទី៣ បណ្ដាប្រទេសអ្នកមានគួរតែបង្វែរវ៉ាក់សាំងរបស់ពួកគេទៅដល់បណ្ដាប្រទេសក្រីក្រ តាមរយៈយន្ដការ COVAX ទើបជា ការល្អប្រសើរ ព្រោះថាមកទល់នឹងពេលនេះ មិនទាន់មានភស្ដុតាងណាមួយបង្ហាញពីចាំបាច់នៃតម្រូវការចាក់វ៉ាក់សាំងដូសទី៣ លើអ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ឬ២ដូស នៅឡើយនោះទេ។
គួរបញ្ជាក់ថា បើតាមប្រមុខអង្គការសុខភាពពិភពលោក ចំនួនអ្នកឆ្លង និងស្លាប់ដោយសារ COVID-19 បាននិងកំពុងកើនឡើងសាជាថ្មីនៅជុំវិញពិភពលោក ហើយការកើនឡើង នេះទៀតសោតគឺដោយសារវីរុសបម្លែងថ្មី Delta ដែលបាននិងកំពុងឆ្លងរាលដាលទៅដល់ប្រទេស និងដែនដីច្រើនជាង ១០៤៕