(វ៉ាស៊ីនតោន)៖ ចិនបាននិងកំពុងដើរទៅមុខជាមួយផែនការប្រែក្លាយកងទ័ពរំដោះប្រជាជន (PLA) ឱ្យទៅជាកងទ័ពប្រយុទ្ធដ៏ទំនើបនៅមុនឆ្នាំ២០២៧ ប្រឈមមុខនឹង ការប្រជែងរឹតតែខ្លាំងជាមួយសហរដ្ឋអាមេរិក សឹងតែលើគ្រប់វិស័យរាប់ពីសេដ្ឋកិច្ច យោធា រហូតដល់បច្ចេកវិទ្យា។ អតីតមេបញ្ជាការនៃទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក លោកឧត្តមនាវីឯក Philip Davidson ធ្លាប់បានព្រមានកាលពីខែមីនាកន្លងទៅថាអាស្រ័យលើការរីកធំធាត់យ៉ាងរហ័ស និងការបន្តពង្រីកសមត្ថភាពយោធា ចិនប្រហែលជាអាចនឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់នៅឆ្នាំ២០២៧ ហើយអាចនឹងដណ្ដើមយកតំណែងមេដឹកនាំពិភពលោកពីសហរដ្ឋអាមេរិកនៅឆ្នាំ២០៥០ ទៀតផង។
បើតាមក្រុមអ្នកជំនាញយោធា តំបន់សមុទ្រចិនខាងត្បូង ឬច្រកសមុទ្រតៃវ៉ាន់ អាចនឹងក្លាយជាសមរភូមិសង្រ្គាមរវាងចិន និងសហរដ្ឋអាមេរិកនៅពេលអនាគត ទាស់នៅត្រង់ថា គេមិនដឹងថាវានឹងផ្ទុះឡើងឱ្យប្រាកដនៅពេលណាតែប៉ុណ្ណោះ។ បច្ចុប្បន្ននិយាយពីកម្លាំងយោធា ចិនមិនមែនជាដៃគូរបស់សហរដ្ឋអាមេរិកឡើយ។ ក៏ប៉ុន្តែហេតុអ្វីអាមេរិកដែល មានមូលដ្ឋានទ័ពជិត ៨០០កន្លែងនៅជុំវិញពិភពលោក បែរជាបារម្ភខា្លចពីការកើនឡើងឥទ្ធិពលរបស់ចិនដែលមានមូលដ្ឋានទ័ពតែមួយគត់នៅឯក្រៅប្រទេស (ជីប៊ូទី) ទៅវិញ? ដើម្បីដឹងថារវាងអាមេរិក និងចិន នរណាមានយោធាខ្លាំងជាង គេត្រូវពិចារណាលើកញ្ចប់ថវិកាយោធា, កងទ័ពជើងទឹក និងជើងអាកាសជាដើម។
*កញ្ចប់ថវិកាយោធា
សហរដ្ឋអាមេរិកជាប្រទេសដែលចំណាយលើវិស័យយោធាច្រើនជាងគេបំផុតនៅលើពិភពលោក ជាមួយកញ្ចប់ថវិកាយោធា ៧៧៨ពាន់លានដុល្លារកាលពីឆ្នាំ២០២០ ឬស្មើ នឹង ៣៩ភាគរយនៃកញ្ចប់ថវិកាយោធាសកល ធៀបទៅនឹងចិនដែលឈរនៅលេខរៀងទី២ ដែលមានកញ្ចប់ថវិកាយោធា ២៥២ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យចេញ ផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវអន្តរជាតិស្ដុកខុល (Stockholm International Peace Research Institute)។
តែទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញយោធាអាមេរិកជាច្រើនបានព្រមានថាទីក្រុងវ៉ាស៊ីនតោនត្រូវតែរក្សាទំហំកញ្ចប់ថវិកាយោធាច្រើនជាងចិនបែបនេះឱ្យបាន បន្ទាប់ពីទីក្រុងប៉េកាំងប្រកាសបង្កើនកញ្ចប់ថវិកាយោធា ៦.៨ភាគរយ ក្នុងឆ្នាំ២០២១នេះ ក្រោយកើនឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។
*ចំនួនកងទ័ពសរុប
ចិនបច្ចុប្បន្ន គឺជាប្រទេសមានកងទ័ពច្រើនជាងគេបំផុតនៅលើពិភពលោក ដោយមានកងទ័ពសរុបជាង ២លាននាក់ ធៀបទៅនឹងសហរដ្ឋអាមេរិកដែលមានកងទ័ពសកម្ម ១.៣៥លាននាក់ និងកងទ័ពបម្រុង ៨០០,០០០នាក់។ និយាយពីចំនួន សហរដ្ឋអាមេរិកចាញ់ចិន តែនៅក្នុងសង្រ្គាមសម័យទំនើប គេមិននិយាយពីចំនួនទេ ផ្ទុយទៅវិញគឺ គេផ្ដោតជាសំខាន់ទៅលើបច្ចេកវិទ្យា និងបរិក្ខាយោធាដែលអាមេរិកកំពុងនាំមុខចិន។ ដូច្នេះទើបប្រទេសទាំង២ បានកាត់បន្ថយការផ្ដោតតែទៅលើចំនួនកងទ័ព។
លោកប្រធានាធិបតី ស៊ី ជិនពីង កាលពីឆ្នាំ២០១៥ បានសន្យាថានឹងកាត់បន្ថយចំនួនកងទ័ពរំដោះប្រជាជនចិន (PLA) យ៉ាងហោច ៣០០,០០០នាក់ ខណៈប្រធានាធិបតី អាមេរិក លោក ចូ បៃដិន មានផែនការកាត់បន្ថយកងទ័ព ៥,៤០០នាក់។
*កងទ័ពជើងគោក
កងទ័ពរំដោះប្រជាជនចិន (PLA) មានកងទ័ពជើងគោកធំជាងគេបំផុតនៅលើពិភពលោក ជាមួយកងទ័ពជើងគោកសកម្មបំពេញភារកិច្ចពេញម៉ោងចំនួន ៩១៥,០០០នាក់ រីឯសហរដ្ឋអាមេរិកមាកកងទ័ពជើងគោក ៤៨៦,០០០នាក់ កំពុងធ្វើការពេញម៉ោង។ នេះបើតាមរបាយការណ៍ China Military Power ឆ្នាំ២០២០ របស់មន្ទីរបញ្ចកោណនៃ ក្រសួងការពារជាតិអាមេរិក។ របាយការណ៍នេះដដែលបានអះអាងទៀតថា កងទ័ពជើងគោកចិនកំពុងប្រើប្រាស់អាវុធស៊េរីចាស់នៅឡើយ ឬមិនទាន់មានសមត្ថភាពបំពាក់ អាវុធទំនើបៗបានទេ ដោយសារខ្វះការបណ្ដុះបណ្ដាលឱ្យបានល្អប្រសើរ។ តែនេះគ្រាន់បណ្ដោះអាសន្នប៉ុណ្ណោះ ព្រោះចិនក៏កំពុងបន្តធ្វើទំនើបកម្មយោធារបស់ខ្លួនដែរ។
ដោយឡែក បើតាមទស្សនាវដ្ដី Forbes និយាយពីកងទ័ពជើងគោកនេះដែរ សហរដ្ឋអាមេរិកមានរថក្រោះ ៦,៣៣៣គ្រឿង ឈរនៅលេខ២ បន្ទាប់ពីរុស្ស៊ីដែលមានរថក្រោះ ច្រើនជាងគេនៅលើពិភពលោក ខណៈកងទ័ពជើងគោកចិនមានរថក្រោះ ៥,៨០០គ្រឿង ឈរនៅលេខរៀងទី៣។
*កងទ័ពអាកាស
របាយការណ៍មួយស្ដីពីកងទ័ពពិភពលោកឆ្នាំ២០២១ (2021 World Air Forces Report) ចេញផ្សាយដោយគេហទំព័រ Flight Global បានឱ្យដឹងថាសហរដ្ឋអាមេរិក មានយន្ដហោះចម្បាំងច្រើនជាង ១៣,០០០គ្រឿង ក្នុងនោះមាន ៥,១៦៣គ្រឿងកំពុងប្រតិបត្តិការ ឬប្រើប្រាស់ដោយកងទ័ពអាកាសអាមេរិក (US Air Force) ហើយក្នុងនោះ ទៀតសោតមានទាំងយន្ដហោះចម្បាំងបំបាំងកាយ F-35 និង F-22 Raptor ដែលសុទ្ធសឹងជាយន្ដហោះចម្បាំងឈានមុខគេនៅលើពិភពលោក។
ចំណែកឯ កងទ័ពជើងអាកាសនៃកងទ័ពរំដោះប្រជាជនចិនវិញ ឈរនៅលេខរៀងទី៣ ក្នុងនាមជាកងទ័ពអាកាសធំជាងគេលើលោក ដោយមានយន្ដហោះចម្បាំងច្រើនជាង ២,៥០០គ្រឿង ក្នុងនោះមាន ២,០០០គ្រឿងជាយន្ដហោះប្រយុទ្ធ។ នេះបើតាមរបាយការណ៍ China Military Power ឆ្នាំ២០២០ របស់មន្ទីរបញ្ចកោណ។ យន្ដហោះចម្បាំង ដ៏ទំនើបរបស់ចិនគឺ J-20 ដែលត្រូវបានរចនាឡើងដើម្បីប្រជែងជាមួយយន្ដហោះចម្បាំងអាមេរិក F-22 Raptor។ សហរដ្ឋអាមេរិក និងចិនក៏កំពុងអភិវឌ្ឍយន្ដហោះទម្លាក់គ្រាប់បែកបន្ថែមផងដែរ ដោយចិនកំពុងអភិវឌ្ឍយន្ដហោះទម្លាក់គ្រាប់បែក Xian H-20 ស្របពេលអាមេរិកទើបតែបញ្ចេញពីរូបភាព និងព័ត៌មានលម្អិតពីយន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយជំនាន់ក្រោយរបស់ខ្លួនគឺ B-21 Raider កាលពីថ្ងៃសុក្រសប្ដាហ៍មុន។
*កងទ័ពជើងទឹក
បើតាមរបាយការណ៍ចុងក្រោយបំផុតរបស់សភាអាមេរិក ចិនសព្វថ្ងៃ មានកងទ័ពជើងទឹកធំជាងគេបំផុតនៅលើពិភពលោក ដោយមាននាវាចម្បាំង ៣៦០គ្រឿង ធៀបនឹង សហរដ្ឋអាមេរិកមាន ២៩៧គ្រឿង។ ប៉ុន្តែរបាយការណ៍នេះដដែល ក៏បានបញ្ជាក់ដែរថាក្នុងចំណោមនាវាចម្បាំងរបស់ចិន ភាគច្រើនជានាវាខ្នាតតូច និងជានាវាល្បាតតាម ឆ្នេរ។
សហរដ្ឋអាមេរិកមាននាវាផ្ទុកយន្ដហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរសរុប ១១គ្រឿង ហើយមួយគ្រឿងៗអាចផ្ទុកយន្ដហោះចម្បាំងបានយ៉ាងហោច ៦០គ្រឿង។ រីឯ ចិនវិញមាននាវាផ្ទុកយន្ដហោះចម្បាំង២គ្រឿងតែប៉ុណ្ណោះ នោះគឺនាវាផ្ទុកយន្ដហោះចម្បាំង Liaoning និង Shandong ដែលអាចផ្ទុកយន្ដហោះចម្បាំង J-15 បានពី២៤ ទៅ ៣៦គ្រឿង ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់នាវាផ្ទុកយន្ដហោះចម្បាំងដ៏ទំនើបទី៣ និងចាប់ផ្ដើមអភិវឌ្ឍនាវាផ្ទុកយន្ដហោះចម្បាំងទី៤ ក្នុងឆ្នាំ២០២១នេះ។
*ក្បាលគ្រាប់នុយក្លេអ៊ែរ
សហរដ្ឋអាមេរិកជាប្រទេសដែលមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីរុស្ស៊ីដែលឈរនៅលេខ១ បារាំងឈរនៅលេខ៣ និងចិនឈរនៅ លេខរៀងទី៤។ នេះបើតាមគេហទំព័រ World Population Review មានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ ចិនមិនបានបង្ហាញឱ្យប្រាកដថាខ្លួនមានក្បាលគ្រាប់នុយក្លេអ៊ែរប៉ុន្មាន គ្រាប់នោះទេ ប៉ុន្តែរបាយការណ៍របស់ក្រសួងការពារជាតិអាមេរិកចេញផ្សាយកាលពីពេលថ្មីៗនេះបានអះអាងថាចិនប្រហែលជាមានក្បាលគ្រាប់នុយក្លេអ៊ែរតិចជាង២០០គ្រាប់ ខណៈវិទ្យាស្ថានស្ដុកខុលថាមាន ៣៥០គ្រាប់ នៅក្នុងឆ្នាំ២០២១នេះ។
កាសែត South China Morning Post ដោយផ្អែកលើប្រភពស្និតនឹងយោធាចិនដែលខ្លួនទទួលបាន បានរាយការណ៍កាលពីខែមករាថាក្បាលគ្រាប់នុយក្លេអ៊ែររបស់ចិន បានកើនដល់ ១,០០០គ្រាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តែក្នុងចំណោមក្បាលគ្រាប់នុយក្លេអ៊ែរទាំងនេះមានតែ ១០០គ្រាប់ប៉ុណ្ណោះត្រូវបានដាក់ពង្រាយ ឬដាក់ប្រើប្រាស់។ សហរដ្ឋអាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥,៨០០គ្រាប់ ក្នុងនោះមាន៣,០០០គ្រាប់ត្រូវបានដាក់ពង្រាយ និង១,៤០០គ្រាប់ត្រូវដាក់ឱ្យត្រៀមបាញ់ ចេញគ្រប់ពេលវេលា ក្នុងករណីចាំបាច់។ យ៉ាងណាក៏ដោយ ចិននៅតែមានឱកាសបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ ជាពិសេសក្រោយសហរដ្ឋអាមេរិក និងរុស្ស៊ីបានឯកភាពគ្នា បន្តសុពលភាពនៃសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែររហូតដល់ឆ្នាំ២០២៦។
*មីស៊ីល
ខណៈសហរដ្ឋអាមេរិកនាំមុខខាងក្បាលគ្រាប់នុយក្លេអ៊ែរ ចិនឯណេះវិញក៏មិនណយដែរដោយមានមីស៊ីលបាលិស្ទីគបាញចេញពីលើដី ដែលអាចពាំទាំងក្បាលគ្រាប់នុយក្លេអ៊ែរ និងការវាយប្រហារធម្មតាដោយមិនបាច់ពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកត្រូវបានហាមឃាត់ក្នុងការដាក់ពង្រាយមីស៊ីលបាលិស្ទីគបាញ់ចេញពីដីគោក និងគ្រុសមីស៊ីល (cruise missiles) ក្រោមសន្ធិសញ្ញានុយក្លេអ៊ែរជាមួយអតីតសហភាពសូវៀតកាលពីឆ្នាំ១៩៨៧ តែលោក ដូណាល់ ត្រាំ បានដកអាមេរិកចេញពីសន្ធិសញ្ញា នេះកាលពីខែសីហា ឆ្នាំ២០១៩។
៤ខែក្រោយដកខ្លួនពីសន្ធិសញ្ញានេះ សហរដ្ឋអាមេរិកបានធ្វើតេស្ដមីស៊ីលបាលិស្ទីគរយៈចម្ងាយមធ្យម (IRBMs) ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨០មក។ ប៉ុន្តែស្របពេល អាមេរិក កំពុងជាប់បម្រាមក្រោមសន្ធិសញ្ញានុយក្លេអ៊ែរ ចិនបានឆក់យកឱកាសអភិវឌ្ឍមីស៊ីលប្រភេទ IRBM ដែលគេមើលឃើញមានសមត្ថភាពវាយប្រហារលើមូលដ្ឋានទ័ព អាមេរិកក្នុងតំបន់ប៉ាស៊ីហ្វិកបាន។
មជ្ឈមណ្ឌលសម្រាប់ការយុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ ឬហៅកាត់ថា CSIS (Centre for Strategic and International Studies) បានឱ្យដឹងថាមីស៊ីលប្រភេទ IRBM របស់ចិន គឺមីស៊ីល Dong Feng 26 ឬមានរហ័ស្សនាមថា Guam killer អាចវាយប្រហារកម្ទេចមូលដ្ឋានទ័ពអាមេរិកនៅលើកោះហ្គាំ (Guam) បានទាំងបំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ និងការវាយប្រហារធម្មតា។ បើតាមមជ្ឈមណ្ឌល CSIS ចំនួនជើងទម្របាញ់មីស៊ីលប្រភេទ IRBM នៅក្នុងឃ្លាំងអាវុធចិនបានកើនឡើងពីសូន្យក្នុង ឆ្នាំ២០១៥ ដល់ ៧២គ្រឿងក្នុងឆ្នាំ២០២០៕
ប្រភព៖ SCMP (ថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១)