(ហុងកុង)៖ ប៉ូលិសសន្តិសុខជាតិហុងកុងនៅថ្ងៃចន្ទនេះបានឃាត់ខ្លួនមនុស្ស៥នាក់បន្ថែមទៀត ដោយសង្ស័យថាពួកគេមានជាប់ពាក់ព័ន្ធនឹងគម្រោងបំផ្ទុះគ្រាប់បែក នៅក្នុងតំបន់សេដ្ឋកិច្ចស្វយ័តពិសេសរបស់ចិនមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។
បើតាមប៉ូលិសហុងកុង ជនសង្ស័យទាំង៥នាក់ខាងលើ ក្នុងនោះមានបុរស ៤នាក់ និងស្ត្រីម្នាក់ ត្រូវបានឃាត់ខ្លួនក្រោមបទសង្ស័យថាបានសមគំនិតក្នុងផែនការធ្វើសកម្មភាព ភេរវកម្ម ហើយការចាប់ខ្លួននេះធ្វើឡើងក្រោមច្បាប់សន្តិសុខជាតិថ្មី។ បន្ថែមពីលើនេះ ប៉ូលិសហុងកុងនៅថ្ងៃចន្ទនេះដែរ បានបញ្ជាក់ថាប្រតិបត្តិការស៊ើបអង្កេតកំពុងបន្តធ្វើ ឡើងនៅឡើយ ដូច្នេះការចាប់ខ្លួនជនសង្ស័យមានជាប់ពាក់ព័ន្ធនឹងករណីនេះអាចនឹងធ្វើបន្តទៀតក៏ថាបាន។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប៉ូលិសហុងកុងក៏បានឃាត់ខ្លួនមនុស្ស៩នាក់ផងដែរ ក្នុងនោះមាននិស្សិត ៦នាក់ ដោយចោទប្រកាន់ថាមានផែនការផលិតកែច្នៃ និងបំផ្ទុះ គ្រាប់បែកនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីរកឃើញឧបករណ៍កែច្នៃគ្រាប់បែក និងសារធាតុផ្ទុះមួយចំនួន៕