(ប៉េកាំង)៖ ចង់មានបាន ជួសជុលផ្លូវ។ បើជនបទគ្មានផ្លូវល្អ នោះការចង់បង្កើនប្រាក់ចំណូលគឺជារឿងលំបាក។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានយកចិត្តទុកដាក់ជាពិសេសលើការកែលម្អ សេវាគមនាគមន៍ដើម្បីបម្រើដល់វិស័យកសិកម្ម ជនបទនិងកសិករចិន ដែលអាចដើរតួនាទីសំខាន់ក្នុងការលុបបំបាត់ភាពក្រីក្រ និងបង្កើនប្រាក់ចំណូលរបស់កសិករ។ អំពីការអភិវឌ្ឍផ្លូវថ្នល់នៅជនបទ លោកធ្លាប់គូសបញ្ជាក់ថា៖ «ការជួសជុលផ្លូវមួយកំណាត់ អាចបើកទ្វារនៃការលុបបំបាត់ភាពក្រីក្រ ដើម្បីបង្កើនប្រាក់ចំណូលរបស់ប្រជាជនបាន»

មណ្ឌល Xiangxi ខេត្ត Hunan ស្ថិតនៅក្នុងជ្រលងភ្នំ ការធ្វើដំណើរពិបាកណាស់ ប្រជាជនដែលស្នាក់នៅទីនោះគឺជនជាតិ Tujia និងជនជាតិ Miao។ ដើម្បីកែលម្អលក្ខណៈធ្វើដំណើរដ៏លំបាកក្នុងតំបន់នេះ កាលពីខែតុលាឆ្នាំ២០០៧ រដ្ឋាភិបាលបានគាំទ្រឱ្យចាប់ផ្តើមសាងសង់ ស្ពានអាកាសស្តង់ដារផ្លូវល្បឿនលឿនដែលតភ្ជាប់កំពូលភ្នំ។ នាថ្ងៃទី៣១ខែមីនាឆ្នាំ២០១២ ស្ពានអាកាសយក្ស Aizhai ដែលមានប្រវែងជាង1170 ម៉ែត្របានដាក់ឱ្យដំណើរការជាផ្លូវការ ភូមិឃុំក្នុងជ្រលងភ្នំនោះអាចតភ្ជាប់ផ្ទាល់ទៅនឹង ខេត្តក្រុងដែលជាប់គ្នាតាមបណ្តាញផ្លូវល្បឿនលឿន។

តើស្ពានយក្ស Aizhai ដំណើរការយ៉ាងដូចម្តេច? ជីវភាពរបស់មហាជននៅកន្លែងនោះត្រូវបានកែលម្អឬទេ? កាលពីថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក Xi Jinping បានទៅដល់ទីនោះដើម្បីត្រួតពិនិត្យការងារ។ បន្ទាប់ពីបានឃើញលក្ខខណ្ឌធ្វើដំណើរ ក្នុងតំបន់បានប្រែមុខមាត់ថ្មី នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបណ្តាញផ្លូវថ្នល់ក្នុងភូមិឃុំបានកសាងរួច លោកបាននិយាយដោយសប្បាយចិត្តថា៖ «តំបន់ក្រីក្របើចង់បង្កើនប្រាក់ចំណូល ការកែលម្អលក្ខខណ្ឌហេដ្ឋរចនាសម្ព័ន្ធ មានសារៈសំខាន់ណាស់ រដ្ឋាភិបាលនឹងបន្តខិតខំធ្វើការងារផ្នែកនេះ បន្តផ្តល់ការគាំទ្រថែមទៀត»

បច្ចុប្បន្ននេះ ស្ពានយក្ស Aizhai ផ្លូវកញ្ចក់កាត់ចំណោតភ្នំ ឃុំជនជាតិ Miao ត្រូវបានគេស្គាល់ថា ជារមណីដ្ឋានទេសចរណ៍តំណាងឱ្យខេត្ត Hunan អ្នកស្រុកទទួលបានប្រាក់ចំណូល តាមការផ្តល់សេវាទេសចរណ៍ ដូចជាបើកផ្ទះសំណាក់ ធ្វើសិប្បកម្មដេរប៉ាក់ជនជាតិ Miao ជាដើម។

ផ្លូវស្រួលហើយ អាជីវកម្មគ្រប់យ៉ាងនឹងរីកចម្រើន។ តំបន់ក្រីក្រភាគច្រើននៅចិនមិនខ្វះធនធានទេ ក៏ប៉ុន្តែដោយសារផ្លូវចេញចូលមិនល្អ ការដឹកជញ្ជូនជួបនឹងភាពពិបាក មហាជនទៅខាងក្រៅមិនកើត បណ្តាលឱ្យមានជីវភាពរស់នៅក្រលំបាក។ បើចង់លុបបំបាត់ភាពក្រីក្រ និងបង្កើនប្រាក់ចំណូល សំខាន់ត្រូវកែលម្អលក្ខខណ្ឌហេដ្ឋារចនាសម្ព័ន្ធ។

លោក Jihaoyeqiu ជាអ្នកភូមិ Sanhe ស្រុក Zhaojue ខេត្ត Sichuan គាត់ប្រាប់ថា គាត់បំភ្លេចមិនបានទេថា កាលពី៣ឆ្នាំមុន លោក Xi Jinping បានដើរតាមផ្លូវលំដីភក់ដ៏បត់បែន ដើរចូលទ្វារផ្ទះទាបចង្អៀតមកក្នុងផ្ទះគាត់។ កាលនោះជិតចូលឆ្នាំប្រពៃណីចិនឆ្នាំ២០១៨ តំបន់ភ្នំបានធ្លាក់ព្រឹលច្រើនថ្ងៃជាប់ៗ សីតុណ្ហភាពក៏ធ្លាក់ខ្លាំង។ លោក XiJinping ដែលកំពុងពិនិត្យការងារនៅស្រុកបានទៅដល់ភូមិ Sanhe និងបានអង្គុយសំណេះសំណាលក្នុងផ្ទះលោក Jihaoyeqiu។ «ការទទួលបានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ មិនត្រូវបោះបង់ចោលជនជាតិណាមួយ ឬក្រុមគ្រួសារណាមួយនោះទេ។» ប្រសាសន៍របស់លោក Xi Jinping បានធ្វើឱ្យលោក Jihaoyeqiu រំភើបចិត្តឡើងស្រក់ទឹកភ្នែក។

ភូមិ Sanhe ជាភូមិបុរាណរបស់ជនជាតិ Yi មានរយៈកំពស់ ២៥០០ ម៉ែត្រ ពិបាកចេញចូល ពឹងតែរចនាសម្ព័ន្ធឧស្សហកម្មប្រពៃណី ដែលបណ្តាលឱ្យសេដ្ឋកិច្ច និងសង្គមអភវិឌ្ឍន៍យ៉ាងយឺត។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់នោះបានជួសជុលផ្លូវ ក្នុងភូមិទាំងអស់ សោភ័ណភាពភូមិឃុំមានភាពស្រស់ស្អាតដូចភូមិថ្មី។ ផ្លូវភក់បានក្លាយជាផ្លូវក្រាលកៅស៊ូ ការធ្វើដំណើរមានភាពងាយស្រួល កសិផលពិសេសដូចជា ដំឡូង ម្រេច ផ្លែWalnut ជាដើមក៏អាចលក់ទៅតំបន់ក្រៅភ្នំផងដែរ អ្នកភូមិទទួលបានប្រាក់ចំណូល កាន់តែច្រើនឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។

សូមបញ្ជាក់ថា ចាប់ពីសមាជបក្សកុម្មុយនិស្តចិនលើកទី១៨ មក ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅជនបទចិន ជាពិសេសតំបន់ជនបទក្រីក្រចិន បានដំណើរការក្នុងល្បឿនលឿន និងប្រកបដោយគុណភាពខ្ពស់។ គិតត្រឹមបច្ចុប្បន្ន បណ្តាញផ្លូវថ្នល់តភ្ជាប់ជនបទទូទាំងប្រទេសចិន មានប្រវែងសរុបលើសពី ៤២០ម៉ឺនគីឡូម៉ែត្រ ភូមិ ឃុំ១០០% មានផ្លូវបេតង់ ទទួលបានសេវាដឹកជញ្ជូនមនុស្ស ខណៈសេវាដឹកទំនិញដល់ផ្ទះ បានគ្របដណ្តប់ភូមិចំនួនជាង ៥៥ម៉ឺន ៦ពាន់នៃទូទាំងប្រទេស។

«ភូមិឃុំនីមួយៗមានផ្លូវល្អ យើងរួមចិត្តរួមថ្លើម កសាងសង្គមមានជីវភាពធូរធារបង្គួរ។ ផ្លូវល្អអ្នកណាក៏សរសើរ ប្រជាជនរាប់លាននាក់ទទួលបានផល»។ ភូមឃុំចិនដែលនៅទីដាច់ស្រយាលនិងក្រីក្រខ្លាំងជាយូរមកហើយ បានជួបក្តីសង្ឃឹមថ្មី។ ក្នុងប្រទេសចិន ប្រវត្តិសាស្ត្រដែល «មេឃស្រឡះធូលីហុយពេញមុខ មេឃភ្លៀងដីភក់ពេញខ្លួន» បានឆ្លងផុតទៅទាំងស្រុងហើយ ប្រជាពលរដ្ឋចិនកំពុងទទួលនូវជីវភាពថ្មីដែល «ផ្លូវបេតង់ក្រាលដល់មាត់ទ្វារផ្ទះ ធ្វើដំណើរអាចជិះឡានក្រុង»

-- -- រឿងរ៉ាងដែលលោក Xi Jinping តាមដានយកចិត្តទុកដាក់ លើការធ្វើដំណើររបស់ប្រជាជនចិន

រូបភាពឯកសារនៃទីភ្នាក់ងារស៊ីនហួរ៖

ស្ពានយក្ស Aizhai បានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១២

មណ្ឌល Xiangxi ខេត្ត Hunan អ្នកភូមិជនជាតិ Miao កំពុងសម្តែងរបាំស្គរប្រពៃណីជនជាតិMiao (ថតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨)

មណ្ឌល Liangshan ខេត្ត Sichuan អ្នកភូមិនៅ “ភូមិចំណោតភ្នំ” ចុះពីលើភ្នំតាមជណ្តើរដែកថែប(ថតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០)

ក្រោមការគាំទ្រនៃគោលនយោបាយលុបបំបាត់ភាពក្រីក្រ តាមរយៈការរើសផ្ទះទៅស្នាក់នៅកន្លែងមានលក្ខខណ្ឌល្អនៃរដ្ឋាភិបាលចិន នៅស្រុកZhaojue ខេត្ត Sichuan ប្រជាជនជនជាតិYi បានចូលស្នាក់នៅផ្ទះថ្មីក្នុងស្រុកដោយសប្បាយរីករាយ (ថតនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩)

អ្នកភូមិនៅ “ភូមិចំណោតភ្នំ” និយាយទូរស័ព្ទជាមួយញាតិសន្តាននៅផ្ទះថ្មី (ថតនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០)