សហរដ្ឋអាមេរិក៖ មនុស្សពីរនាក់នឹងមានឱកាសឈ្នះសំបុត្រ ដើម្បីជិះយន្តហោះអវកាស VSS Unity នៅឆ្នាំ២០២២
12-07-2021 16:11
(អាមេរិក)៖ ក្រុមហ៊ុនអវកាសអាមេរិក-អង់គ្លេស វើជីន ហ្គាឡាទិច (Virgin Galactic) នឹងចាប់ដៃគូជាមួយក្រុមហ៊ុនរៃអង្គាសប្រាក់ សម្រាប់មូលនិធិសប្បុរសធម៌ អូមេហ្ស (Omaze) ដើម្បីផ្តល់ឱកាសដល់សាធារណជនទូទៅ ក្នុងការធ្វើដំណើរឡើងទៅកាន់ទីអវកាស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space នារសៀលថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។
បើតាមក្រុមហ៊ុន Virgin Galactic មនុស្សចំនួន ០២នាក់ នឹងអាចឈ្នះឱកាសពិសេសខាងលើ ហើយការហោះហើរត្រូវគេរំពឹងថា នឹងប្រព្រឹត្តទៅនៅកំលុងដើមឆ្នាំ២០២២។ សម្រាប់អ្នកដែលចង់ចូលរួម គឺអាចចូលទៅកាន់វែបសាយរបស់ក្រុមហ៊ុន Omaze ដើម្បីមើលព័ត៌មានលម្អិត និងលក្ខខណ្ឌផ្សេងៗ ប៉ុន្តែឱកាសធ្វើដំណើរឡើងទៅកាន់ទីអវកាសនេះ ត្រូវបានរឹតត្បិតសម្រាប់តែពលរដ្ឋ ដែលរស់នៅសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀតតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ដំណឹងនេះបានកើតមានឡើង បន្ទាប់ពីស្ថាបនិកក្រុមហ៊ុន Virgin Galactic គឺលោកមហាសេដ្ឋី រីឆាដ ប្រ៊ែនសុន (Richard Branson) និងមនុស្ស ០៥នាក់ទៀត បានជិះយន្តហោះអវកាស VSS Unity ទៅកាន់ទីអវកាស ហើយចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាព កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដា ដែលបានធ្វើឲ្យពិភពលោក មានការចាប់អារម្មណ៍យ៉ាងខ្លាំង៕