(ព័រអូប្រាំង)៖ ប៉ូលិសហៃទីបានចាប់ខ្លួនបុរសជាពលរដ្ឋហៃទីម្នាក់ដែលត្រូវបានសង្ស័យថាមាន «ចេតនានយោបាយ» នៅក្នុងការជ្រើសរើសសមាជិកឃាតកឱ្យធ្វើ ឃាតប្រធានាធិបតីហៃទី លោក Jovenel Moise កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។
បើតាមប្រមុខប៉ូលិសជាតិហៃទី លោក Leon Charles ជនសង្ស័យជាបុរសខាងលើមានឈ្មោះ Christian Emmanuel Sanon អាយុ ៦៣ឆ្នាំ និងមានជាសញ្ជាតិហៃទី ហើយរូបគេបានធ្វើដំណើរជាមួយជនជាតិកូឡុំប៊ីជាច្រើននាក់មកកាន់ប្រទេសហៃទីតាមយន្ដហោះឯកជនមួយគ្រឿងកាលពីខែមិថុនាកន្លងទៅ។ ថ្លែងនៅក្នុងសន្និសីទ សារព័ត៌មានកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក Leon Charles បន្ថែមទៀតថាបើតាមផែនការ ក្រុមឃាតកដំបូងឡើយមានគម្រោងចាប់ខ្លួន លោកប្រធានាធិបតី Moise ទាំងរស់។
គួរបញ្ជាក់ថា បើតាមលោក Leon Charles ជនជាតិកូឡុំប៊ី ១៨នាក់ ត្រូវបានចាប់ខ្លួនចាប់តាំងពីថ្ងៃពុធសប្ដាហ៍មុនមក ហើយតាមរយៈការសួរចម្លើយ ប៉ូលិសហៃទី បានឱ្យដឹងថាជនឈ្មោះ Christian Emmanuel Sanon បានជ្រើសរើសសមាជិកក្រុមឃាតកចំនួន ២៦នាក់ តាមរយៈក្រុមហ៊ុនសន្តិសុខវេណេស៊ុយអេឡាមួយ ឈ្មោះ CTU មានមូលដ្ឋានៅរដ្ឋផ្លររីដា សហរដ្ឋអាមេរិក ព្រមទាំងបានទំនាក់ទំនងជាមួយមនុស្ស ២នាក់ផ្សេងទៀតដែលគេជឿជាក់ថាជាអ្នករៀបចំផែនការសម្លាប់ លោក Moise។ តែលោក Charles មិនបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យទាំង២នាក់នេះឡើយ៕