(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦,៦៤២នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ២៧នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៧៣២,៧៥៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦២២,៨៤៥នាក់ និងជាសះស្បើយឡើងសរុប ២៩.២៤លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer បានឱ្យដឹងថា ខ្លួននឹងជួបជាមួយអាជ្ញាធរសុខាភិបាលសហព័ន្ធ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីពិភាក្សាគ្នាពីតម្រូវការចាំបាច់ នៃការចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនសម្រាប់ដូសទី ៣ ដោយសារការព្រួយបារម្ភ អំពីការឆ្លងរាលដាលនៃវីរុសបម្លែងថ្មី Delta។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ៣៣៤លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុប ១៨៣.៨៤លាននាក់ (៥៦%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៥៩លាននាក់ (៤៨.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕