(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុផលិតឱសថអាមេរិក Pfizer បានឱ្យដឹងថា ខ្លួននឹងជួបជាមួយអាជ្ញាធរសុខាភិបាលសហព័ន្ធ នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ដើម្បីពិភាក្សាគ្នាពីតម្រូវការចាំបាច់ នៃការចាក់វ៉ាក់សាំង COVID-19 របស់ខ្លួនសម្រាប់ដូសទី ៣។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១។
ការប្រកាសអំពីជំនួបខាងលើ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមហ៊ុន Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ជាដៃគូ BioNTech បានប្រកាសពីផែនការស្នើសុំការអនុញ្ញាត ពីអាជ្ញាធរនិយតករអាមេរិក និងអឺរ៉ុបក្នុងការចាក់វ៉ាក់សាំង COVID-19 ដូសទី ៣ នៅក្នុងបរិបទដែលវីរុសបម្លែងថ្មី Delta កំពុងឆ្លងរាតត្បាតនៅជុំវិញពិភពលោក និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ នៅក្នុងប្រទេសអ៉ីស្រាអែលថា វ៉ាក់សាំង Pfizer បានថយចុះប្រសិទ្ធភាព ក្នុងការបង្ការការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
គួរបញ្ជាក់ថា ជំនួបរវាងក្រុមហ៊ុន Pfizer និងអ្នកតំណាងរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងធ្វើឡើងនៅថ្ងៃចន្ទសប្ដាហ៍នេះ ត្រូវបានរាយការណ៍មុនគេដោយកាសែត Washington Post។ ប៉ុន្តែតំណាងមកពីក្រសួងសុខាភិបាលអាមេរិក មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតប ទៅនឹងសេចក្ដីរាយការណ៍នេះនៅឡើយទេ ស្របពេលរដ្ឋបាលចំណីអាហារ និងឱសថ ព្រមជាមួយនិងមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក ធ្លាប់បានអះអាងថា បច្ចុប្បន្នប្រជាជនអាមេរិកមិនទាន់ត្រូវការ ចាក់វ៉ាក់សាំងដូសទី ៣ ជាចាំបាច់នោះទេ៕